រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦រោច ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការនិងប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់ បានដឹកនាំប្រតិភូក្រសួងខាភិបាលចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្រោមអធិបតីភាពឯកឧត្តម ប៉ែន ធីរ៉ុង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំបានរៀបចំឡើងក្នុងគោលបំណងដើម្បីតាមដានការអនុវត្តការងារនិងដោះស្រាយបញ្ហាប្រឈមរបស់គម្រោងនីមួយៗ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ។
ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការនិងប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់ ដោយបានលើកអំពីសមទ្ធិផលគម្រោង និងបញ្ហាដែលជួបប្រទះកន្លងមក ដើម្បីអង្គប្រជុំបើកកិច្ចពិភាក្សា និងផ្តល់អនុសាសន៍ដំណោះស្រាយ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីក្រសួងស្ថាប័នអនុវត្តនិងគ្រប់គ្រងគម្រោងនានា ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ កំពង់ផែស្វ័យតខេត្តព្រះសីហនុ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។