សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃស្តីពីសុខភាពកុមារ និងបរិស្ថាន
ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃស្តីពីសុខភាពកុមារ និងបរិស្ថាន ដែលមានគោលបំណងដូចខាងក្រោម៖
-ដើម្បីផ្សព្វផ្សាយលទ្ធផលរបាយការណ៍វាយតម្លៃសុខភាពកុមារ និងបរិស្ថាន ដល់មន្ត្រីសុខាភិបាល ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត អំពីហានិភ័យសុខភាពកុមារ និងបរិស្ថាន ចម្បងៗដែលប្រឈមមុខនឹង ការបំពុលខ្យល់ ការបំពុលទឹក និងចំណីអាហារ ភាពតានតឹងដោយសារកម្ដៅ លោហៈធាតុពុល ថ្នាំសម្លាប់សត្វល្អិត និងសំណល់ គ្រោះថ្នាក់ផ្សេងទៀត ការប្រែប្រួល អាកាសធាតុ ដែលជាហេតុធ្វើឱ្យមានផលប៉ះកាន់តែធ្ងន់ធ្ងរដល់សុខភាពកុមារ
- ពិភាក្សាបច្ចេកទេសលើអនុសាសន៍ដែលបានលើកឡើងនៅក្នុងរបាយការណ៍វាយតម្លៃដោយផ្តោត លើការបង្កើតគោលនរយោបាយ និងផែនការយុទ្ធសាស្រ្តដែលអាចធ្វើសកម្មភាពដើម្បីដោះស្រាយ ទៅនឹងហានិភ័យសុខភាពបរិស្ថាន និង ដែលបានរកឃើញ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមផ្សេងទៀតរួមមានលោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព ឯកឧត្តមវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា និងជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក ជិន សុធន ប្រធាននាយកដ្ឋាន ផែនការ ថវិកា និងសហប្រតិបត្តិការ តំណាងក្រសួងបរិស្ថាន លោក ឈួ គឹមធី អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ក្រសួងកសិកម្ម លោកវេជ្ជបណ្ឌិត វីល ប៉ាក (Dr. Will Parks) តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជា ដែលមានសមាសភាពចូលរួមដែលអញ្ជើញមកពីក្រសួងសុខាភិបាល ក្រសួងពាក់ព័ន្ធ អង្គការដៃគូរ និងតំណាងរាជធានី ខេត្តទាំង២៥ សរុប១៣០ នាក់។