Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពបឋម ជាអាទិភាពដ៏សំខាន់ ដែលចំណាយតិច បានផលច្រើន»
ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៩រោច ខែសា្រពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់ខ្លឹមសារនៃកិច្ចប្រជុំ ដើម្បីជំរុញឱ្យថ្នាកដឹកនាំគ្រប់ផ្នែកទាំងអស់ ដើរស្របតាមគោលនយោបាយក្រសួង និងរាជរដ្ឋាភិបាល ដោយយកទៅអនុវត្ត ផ្សព្វផ្សាយ ហើយកែច្នៃឱ្យធ្វើក្លាយជាប្រយោជន៍ និងកាន់តែច្បាស់លាស់ទៅតាមកាលវេលា ក្នុងអង្គសុខាភិបាលតែមួយ។

ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងពីស្ថានភាពនៅព្រំដែន ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវខិតខំបន្តសកម្មភាពឱ្យកាន់តែល្អប្រសើរឱ្យគ្រប់ស្ថានភាព បង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ជាពិសេសនៅតាមបណ្តាខេត្តព្រំដែន និងបន្តយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈ ក្នុងការពិនិត្យថែទាំសុខភាពប្រជាពលរដ្ឋនៅគ្រប់ស្ថានភាព។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏សូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត មន្ទីរពេទ្យជាតិ និងក្រុមគ្រូពេទ្យ ដែលបានខិតខំក្នុងស្មារតីទទួលខុសត្រូវ មោះមុត ជាគំរូល្អ ក្នុងការចូលរួមបម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែន។ ឯកឧត្តមសាស្រ្តាចារ្យ សូមផ្តាំផ្ញើ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន និងខេត្តសៀមរាប ព្រមទាំងមន្ទីរសុខាភិបាលខេត្តដែលចូលរួមជួយគាំទ្រដល់ខេត្តកំពុងមមាញឹក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងកងទ័ពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងស្ថានភាពជួបការលំបាកនេះ។ ឯកឧត្តមសាស្ត្រាចារ្យបានរំលឹក «ក្នុងស្មារតីស្នេហាជាតិ យើងទាំងអស់គ្នាត្រូវបន្តប្រឹងប្រែង និងសាមគ្គីគ្នា បំពេញការងារឱ្យកាន់តែខ្លាំងឡើងៗ»។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មជ្ឈមណ្ឌលជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងលើកកម្ពស់សុខភាពសាធារណៈ ដោយត្រូវយកចិត្តទុកដាក់បង្កើនការផលិតសារអប់រំ ជំងឺឆ្លង ដូចជាជំងឺគ្រុនឈាម និងការពុលចំណីអាហារ និងផ្សព្វផ្សាយសារអប់រំសុខភាពតាមគ្រប់មធ្យោបាយឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ បន្ថែមពីនេះត្រូវយកចិត្តទុកដាក់បន្ថែមលើបញ្ហាសុខភាពសាធារណៈដូចជា អាហារូបត្ថម្ភកុមារ កម្មវិធីចាក់ថ្នាំបង្ការ សុខភាពបរិស្ថាន ដោយត្រូវសហការគ្នាជាមួយផ្នែកពាក់ព័ន្ធឱ្យបានជិតស្និត នៅគ្រប់ស្ថានភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17