ថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៥៧៦នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ញើការសួរសុខទុក្ខដល់មន្រ្តីសុខាភិបាលនៅតាមបណ្តាខេត្តនៅតាមបណ្តយព្រំដែន និងខេត្តជិតខាងទាំងអស់ ដែលនៅបន្តផ្តល់ការថែទាំសុខភាពដល់ប្រជាជន នៅតាមទីសុវត្ថិភាព និងជំរុញឱ្យបង្កើនការប្រុងប្រយត្ន័ការពារកុំឱ្យមានការពុលម្ហូបអាហារ ការឆ្លងជំងឺគ្រុនឈាម ឬ ការឆ្លងរោគផ្សេងៗទៀត នៅតាមទីសុវត្ថិភាព។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងចំនុចគន្លឹះ ៣ ក្នុងចំណោមចំនុចគន្លឹចំនួន៥ ដែលអាចប្រើប្រាស់សម្រាប់បញ្ចាក់ឱ្យកាន់តែច្បាស់លើភាពជាអ្នកដឹកនាំ (affirmation of the leadership) របស់អ្នកដឹកនាំម្នាក់ៗ។ចំនុចគន្លឹះទាំង(៣) រួមមាន៖ (១)ភាពជាអ្នកដឹកនាំ ជានិច្ចជាកាលត្រូវបង្ហាញឡើងដោយសារការគិតមុនបញ្ហាដែលកើតឡើង ឬ អ្នកដឹកនាំត្រូវដើរមុនសភាពការណ៍ (២)ជានិច្ចជាកាល ភាពដឹកនាំត្រូវបញ្ជាក់ដោយសារ ការបង្កើតថាមពលវិជ្ជមាន (generating positive energy) នៅក្នុងក្រុមការងារ អង្គភាពឬស្ថាប័ន។ អ្នកដឹកនាំជាអ្នកសម្របសម្រួលថាមពលទាំងអស់ ឱ្យមានការរួបរួមគ្នា ដើម្បីសម្រេចគោលដៅដែលជាប្រយោជន៍រួម និង (៣) ភាពជាអ្នកដឹកនាំអាចនឹងបញ្ចាក់បានដោយសារ ការចែករំលែក ចក្ខុវិស័យ ទស្សនវិស័យដែលល្អ អោយបានដល់សហភាតរៈគ្រប់ឋានានុក្រមអោយបានយល់ដើម្បីទាក់ទាញ(inspire) ភាគីពាក់ពន្ធ័ទាំងអស់អោយរួមរួមគ្នាបង្កើតជា ប្រភពថាមពលវិជ្ជមានមិនចេះរីងស្ងួត។
ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៍មានបទបង្ហាញពីមន្ទីរពេទ្យបង្អែកស្វាយជ្រំនៃរដ្ឋបាលខេត្តស្វាយរៀង លើប្រធានបទការបង្កើនការគុណភាពសេវាសម្ភព។
ក្រោយការពិភាក្សាយ៉ាងផុសផុល ឯកឧត្តមសាស្រ្ត កុយ វ៉ាន់នី បានដកស្រង់ចំនុចគន្លឺះចំនួន១០ សម្រាប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់យកទៅអនុវត្តក្នុងគោលបំណងចូលរួមកាត់បន្ថយមរណៈភាពមាតានឹងទារកនៅកម្ពុជា៖ (១)មន្ទីរពេទ្យ/មណ្ឌលសុខភាពត្រូវបន្តពិនិត្យ លើតួនាទី និងភារកិច្ចរបស់ឆ្មប ព្រមទាំងសមត្ថភាពបច្ចេកទេស និងចំនួនដែលកំពុងបម្រើការងារ (២)បង្កើនសមត្ថភាពទំនាក់ទំនង និងឥរិយាបទរបស់ពេទ្យ (៣)គ្រូពេទ្យផ្តល់អន្តរាគមន៍ដែលមានប្រសិទ្ធិភាពសម្រាប់គ្រប់គ្រងការឈឺចាប់(pain management)នៅពេលសម្រាល (៤)ជៀសវៀងដាច់ខាងកុំឱ្យមានផលលំបាកដែលកើតឡើងដោយគ្រូពេទ្យក្នុងពេលសម្រាល (៥) បង្កើនការប្រុងប្រយត្ន័លើការ ការពារកុំអោយឆ្លងរោគក្នុងមន្ទីរពេទ្យក្នុងពេល និងក្រោយពេលសម្រាល (៦)ពង្រឹងគុណភាពនៃសេវាថែទាំមុនសម្រាល និង ការចែករំលៃកព័ត៌មានពីមណ្ឌលសុខភាព និងមន្ទីរពេទ្យ (៧) ត្រូវយកចិត្តទុកដាក់ប្រមូល និងដោះស្រាយលើព័ត៌មានត្រឡប់របស់អ្នកជំងឺ (patient satisfaction) (៨) យកចិត្តទុកដាក់លើការបណ្តុះបណ្តាលបន្តព្រោះការបណ្តុះបណ្តាលបន្ត គឺជាជីវិតរបស់វិស័យសុខាភិបាល (៩) អ្នកផ្តល់សេវាសុខាភិបាលត្រូវគោរពជម្រើសរបស់អតិថិជនក្នុងការទៅទទួលសេវាទាំងសេវាសាធារណៈ ឬ ឯកជន ឬ ក្នុងប្រទេស ឬក្រៅប្រទេស ដោយមិនមានការរើសអើង (១០) បន្តរគិតគូរពីការអភិវឌ្ឍន៍សំភារៈនិងហេដ្ឋារចនាសម្ពន្ធ័នៃសេវាសម្ភពទូទាំងប្រទេស។