Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំបូកសរុប ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្លើយតបបន្ទាន់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា
ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥

ទីស្តីការក្រសួងសុខាភិបាល៖ នារសៀល ថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងឆ្លើយតបបន្ទាន់ COVID-19 ERP បានដឹកនាំកិច្ចប្រជុំបូកសរុប ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្លើយតបបន្ទាន់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា (COVID-19 ERP) ។

គោលបំណង នៃកិច្ចប្រជុំ៖

១. ពិនិត្យរបាយការណ៍ វាយតម្លៃរបស់ក្រុមបេសកកម្ម នៃធនាគារពិភពលោក ទៅលើកម្មវិធីសំខាន់ៗ ទាំង៤ របស់គម្រោង COVID-19 ERP ដែលក្នុងនោះមាន៖

- ការបង្ការ និងឆ្លើយតបបន្ទាន់នៃជំងឺ COVID-19

- ការរៀបចំមន្ទីរពិសោធន៍កម្រិត៣ នៅកម្ពុជា និងការផ្គត់ផ្គង់ សម្ភារ និងបរិក្ខារសម្រាប់មន្ទីរពិសោធន៍ជាតិ សុខភាពសាធារណៈ 

- ការកសាងសមត្ថភាព និងការបណ្តុះបណ្តាល ដល់មន្រ្តីបុគ្គលិក នៃវិទ្យាស្ថានជាតិ សុខភាពសាធារណៈ

- ការអនុវត្ត និងការតាមដាន 

២. ដំណោះស្រាយបញ្ហាប្រឈម  និងផ្តល់អនុសាសន៍ ដើម្បីអនុវត្តការងារបន្ត។ 

៣. កំណត់គោលដៅ និងជំហានបន្ទាប់ ដើម្បីជំរុញការអនុវត្តគម្រោងចប់តាមពេលវេលា នៃការបិទបញ្ចប់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

ជាលទ្ធផលនៃការវាយតម្លៃ របស់ធនាគារពិភពលោក៖

- ជាគម្រោងទីមួយ ដែលអនុវត្តបានជោគជ័យខ្ពស់។ 

- ការអនុវត្តតាមគោលដៅកំណត់ទទួលបាន ១០០%។

-ជាគម្រោងមួយ ដែលគួរយកជាមេរៀនសម្រាប់ការអនុវត្តគម្រោងផ្សេងៗទៀត។ 

ក្នុងនេះដែរ លោកជំទាវនាយកគម្រោង បានថ្លែងការកោតសរសើរដល់ មន្រ្តីអនុវត្តគម្រោងទាំងអស់ និងថ្លែងអំណរគុណ គោរពជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គការដៃគូរទាំងអស់ ដែលបានចូលរួមបំពេញការងារ ដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អគួរជាទីមោទនៈ។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមវេជ្ជ. លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និង លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងធនាគារពិភពលោក ដែលដឹកនាំប្រតិភូដោយ លោកស្រីវេជ្ជ. លី ណារ៉េត មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល នៃធនាគារពិភពលោក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10