ខេត្តសៀមរាប៖ ថ្ងៃព្រហស្បត៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញ ចូលរួមបើកកិច្ចប្រជុំគណៈកម្មការឧបករណ៍បរិក្ខារពេទ្យអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ដែលកម្ពុជាជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំប្តូរវេន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីប្រតិភូមកពីប្រទេសប្រុយណេដារូសាឡឹម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋសាំងហ្គាពួរ សាធារណរដ្ឋសង្គមនិយមវៀតណាម តំណាងមកពីលេខាធិការដ្ឋានអាស៊ាន ដៃគូ ASEAN-JAPAN មកពីតំណាង នៃប្រទេសជប៉ុន ព្រមទាំងមានការចូលរួមតាមប្រព័ន្ធនិម្មិត Zoom ដែលមានប្រតិភូ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សាធារណៈរដ្ឋហ្វីលីពីន។
កិច្ចប្រជុំគណៈកម្មការឧបករណ៍បរិក្ខារពេទ្យអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅនៅថ្ងៃទី១៩-២២ ខែសីហា ឆ្នាំ២០២៥ ដែលមានកិច្ចប្រជុំចំនួន២ បន្តបន្ទាប់៖
១. កិច្ចប្រជុំគណៈកម្មការបច្ចេកទេសឧបករណ៍បរិក្ខារពេទ្យអាស៊ាន លើកទី១៦ ប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៥
២. កិច្ចប្រជុំគណៈកម្មការឧបករណ៍បរិក្ខារពេទ្យអាស៊ាន លើកទី១៤ ប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៥
ក្នុងឱកាសបើកកិច្ចប្រជុំលោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកិត្តិយសទាំងអស់ ដែលចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារសុខភាពសាធារណៈ តាមរយៈការធ្វើសមាហរណកម្ម នៃបទប្បញ្ញត្តិឧបករណ៍បរិក្ខារពេទ្យនៅទូទាំងអាស៊ាន សំដែងឱ្យឃើញពីកិច្ចសហប្រតិបត្តិការ ការគោរពគ្នាទៅវិញទៅមក ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបក្នុងតំបន់ ទទួលបានឧបករណ៍បរិក្ខារពេទ្យប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាព។
លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនផងដែរថា ក្នុងនាមប្រទេសកម្ពុជា ដែលជាប្រធាន AMDC សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៥ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ ក្នុងការអនុវត្តមគ្គុទេសឧបករណ៍បរិក្ខារពេទ្យអាស៊ាន ជាពិសេសជាមួយនឹងការផ្តួចផ្តើមនៃការផ្លាស់ប្តូរព័ត៌មានបន្ទាប់ពីដាក់លក់ឧបករណ៍បរិក្ខារពេទ្យលើទីផ្សារ។
លោកជំទាវរដ្ឋលេខាធិការ បានស្នើឱ្យប្រទេសជាសមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធបន្តនូវកិច្ចសហការក្នុងកិច្ចការនេះ ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មឧបករណ៍បរិក្ខារពេទ្យអាស៊ានឱ្យមានការីកចម្រើន សំដៅចូលរួមការបង្កើនគុណភាពសេវាសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលទាំងសាធារណៈ និងឯកជន ដែលជាកត្តារួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិត។