រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC) ជាមួយលោកស្រី Kirsty Harris តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។
គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC) ជួបប្រជុំជារៀងរាល់ឆ្នាំដើម្បីផ្តល់ការត្រួតពិនិត្យ ជាយុទ្ធសាស្ត្រ លើកម្មវិធី ACCESS 2 ដើម្បីធានាថាសកម្មភាពនៃកម្មវិធី ស្របទៅនឹងអាទិភាព និងយុទ្ធ សាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ASC ដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យមើលវឌ្ឍនភាពកម្មវិធី ការអនុវត្ត ការគ្រប់គ្រងហានិភ័យ និងការផ្តល់ការណែនាំកម្រិតយុទ្ធសាស្ត្រ ដើម្បីធានាថាកម្មវិធីនៅតែ មានប្រសិទ្ធភាព និងមានការឆ្លើយតប។
កិច្ចប្រជុំនេះ បានផ្តល់ឱកាសសម្រាប់កិច្ចសន្ទនាជាយុទ្ធសាស្ត្រ ការចែករំលែកមេរៀនដែលបានរៀនសូត្រ និងការលើកកម្ពស់ការពិភាក្សាកម្រិតគោលនយោបាយ។
ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ចំពោះការគាំទ្រ និងកិច្ចសហការក្នុងភាពជាដៃគូជាមួយ និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងនិងពង្រីកសេវាពាក់ព័ន្ធផ្សេងៗ និងការបង្កើនការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដើម្បីធានាថាសេវាដែលផ្តល់ជូនជនមានពិការភាព ស្រ្តីរងគ្រោះដោយអំពើហិង្សាផ្អែកលើ យេនឌ័រ និងជនជាតិដើមភាគតិច ប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ ពិសេសមិនមានហានិភ័យ ផ្នែកហិរញ្ញវត្ថុ (Financial Hardship)។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល រដ្ឋបាលខេត្តគោលដៅគម្រោង និងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ៤៨រូប។