រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី ២៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណៈភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណៈភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់ខេត្តចំនួន ៥។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ខេត្ត ក្នុងការពិនិត្យមរណៈភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប និងលើកកម្ពស់គុណភាព នៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ចំណេះដឹងបន្ថែម ព្រមទាំងការរៀបចំបង្កើតគណ:កម្មការ MPDSR ថ្នាក់ខេត្ត ដើម្បីបន្តបណ្តុះបណ្តាលដល់មន្រ្តីថ្នាក់មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ក្នុងគោលបំណង ពង្រឹងបន្ថែមលើការពិនិត្យមរណៈភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់មូលដ្ឋានសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួមទាំងគ្លីនិកឯកជន និងសហគមន៍។ លោកជំទាវសាស្ត្រាចារ្យ បានអំពាវនាវឱ្យមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត រាយការណ៍មរណៈភាពមាតា និងទារកឱ្យបានទាន់ពេលវេលា ដោយចែកជា ២ដំណាក់កាល៖ ១) របាយការណ៍បឋម (Primary report) ក្នុងរយៈពេលបន្ទាន់បន្ទាប់ពីមានករណីមរណៈភាពមាតា និងទារក ២) របាយការណ៍លំអិត ជារបាយការណ៍ចុងក្រោយ (Final and complete report) វេលាបន្ទាប់ ដោយមានគ្រប់ព័ត៌មានបច្ចេកទេស រួមទាំងការគ្រប់គ្រងចាត់ចែងស្ថានការណ៍ ដំណើរការថែទាំព្យាបាល និងការវិវត្តន៍។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណៈភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដោយមានការចូលរួមពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិ ពិនិត្យ មរណភាពៈមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមពីមន្ទីរពេទ្យខេត្ត ចំនួន ៥រួមមាន៖ ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង សរុបចំនួន ៣៥រូប។