Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់
ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា 

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ដើម្បីបង្កើនចំណេះដឹងគ្រូបង្គោល នូវជំនាញចំពោះការចម្លងដែលបង្ករឡើងដោយមេរោគមានការគំរាមកំហែងខ្ពស់ និងចេះស្វែងរក និងការធ្វើរោគវិនិច្ឆ័យ ព្រមទាំងផ្តល់នូវបទពិសោធន៍ នៃការគ្រប់គ្រងស្ថានភាព និងផ្តល់ការបណ្តុះបណ្តាលបន្ត ជាពិសេសផ្តោតសំខាន់លើការគ្រប់គ្រង ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តាំផ្ញើទៅសិក្ខាកាមទាំងអស់ព្យាយាមបណ្តុះបណ្តាលបន្ត និង 

ត្រូវធ្វើជាអ្នកណែនំាគ្រូបង្វឹក ជាអ្នកវាយតម្លៃ និងសវនករ ជាអ្នកទំនាក់ទំនងជាមួយក្រុមIPC ផ្សេងៗ និងជាអ្នកចូលរួមចំណែកដល់ការអភិវឌ្ឍន៍គោលនយោបាយ ទៅដល់មន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាពរបស់ខ្លួន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការបន្តទៀតថា IPC មិនមែនត្រឹមតែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាដែលទាក់ទងនឹងសុវត្ថិភាពអ្នកជំងឺ គុណភាពសេវាសុខាភិបាល និងសន្តិសុខសុខាភិបាលជាតិ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានបន្ថែមទៀតថា  វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ក្នុងការស្វែងរកវិធីសាស្ត្រ ដើម្បីបំពេញចំនុចខ្វះចន្លោះរវាង គោលនយោបាយ និងការអនុវត្តជាក់ស្តែង ឲ្យបានជាក់លាក់ ដើម្បីធានាថា យុទ្ធសាស្រ្ត និងគោលការណ៍ណែនាំរបស់យើង ត្រូវបានប្រែក្លាយទៅជាការអនុវត្តដែលមានសុវត្ថិភាព នៅនឹងគ្រែអ្នកជំងឺ នៅក្នុងបន្ទប់វះកាត់ និងនៅក្នុងសហគមន៍របស់យើង។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះអង្គការ KOICA ដែលបានរៀបចវគ្គបណ្តុះបណ្តាលនេះឡើង និងថ្លែងអំណរគុណចំពោះក្រុមគ្រូបង្គោលនាយកដ្ឋានមន្ទីរពេទ្យ និងអ្នកចូលរួមទាំងអស់ ដែលបានខិតខំព្យាយាម និងចំណាយពេលវេលា ក្នុងការអនុវត្តកម្មវិធីនេះទទួលបានជោគជ័យ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងសុខាភិបាល តំណាងមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត និងគ្រូបង្គោលមកពីប្រទេសកូរ៉េ សរុបចំនួន១០៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14