ខេត្តកំពង់ចាម៖ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលដើម្បី (១)បង្កើនចំណេះដឹងគ្រូបង្គោលនូវជំនាញសង្គ្រោះបន្ទាន់ (២)ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងការគ្រប់គ្រងស្ថានភាពអ្នកជំងឺ (៣)បណ្តុះបណ្តាលបន្តទៅដល់សហភាតរនៅក្នុងអង្គភាពរបស់ខ្លួន និងមណ្ឌលសុខភាព។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ក្រុមសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល ត្រូវពិនិត្យរកមូលហេតុក្នុងមន្ទីរពេទ្យរបស់ខ្លួន ទៅលើផ្នែកសង្រ្គោះបន្ទាន់ ឬប្រព័ន្ធបញ្ចូនដែលមិនទាន់បានល្អប្រសើរ ដោយលើកយកបញ្ហានោះមកពិភាក្សា និងសុំយោបល់ពីក្រុមគ្រូបង្គោលថ្នាក់ជាតិដើម្បីជួយដោះស្រាយបញ្ហាទាំងនោះឱ្យមានភាពល្អប្រសើរឡើង ឯកឧត្តមបន្តទៀតថាគ្រូបង្គោលទំាងអស់ដែលបានបណ្តុះបណ្តាលត្រូវពិនិត្យមើលពីស្ថានភាពបន្ទប់ សម្ភារៈ និងឱសថ ដែលមាននៅកន្លែងសង្គ្រោះបន្ទាន់ក្តី នៅលើរថយន្តគិលានសង្គ្រោះក្តី ត្រូវមានបញ្ជីផ្ទៀងផ្ទាត់និងវាយតម្លៃជាប្រចាំ ដើម្បីរកមើលចន្លោះខ្វះខាតនិងដោះស្រាយបញ្ហាភ្លាម។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តចំនួន២ថ្ងៃ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម ឯកឧត្តមប្រធាននាយកដ្ឋានមន្ទីរពេទ្យ ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប និងសិក្ខាកាមចូលរួមសរុបចំនួន ៤០រូប មកពីមន្ទីរពេទ្យបង្អែក CPA 1 CPA 2 CPA3 នៅក្នុងខេត្តព្រៃវែង ខេត្តរតនគិរី និងកំពង់ចាម។