Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ពិនិត្យឡើងវិញចុងអាណត្តិលើផែនការសកម្មភាពតំបន់អាស៊ាន ស្តីពីការលុបបំបាត់អំពើហិង្សាលើស្រ្តី (RPA-EVAW ២០១៦-២០២៥) និងគោលការណ៍ណែនាំអាស៊ានស្តីពីការដាក់បញ្ចូលពិការភាពក្នុងគោលនយោបាយ និងកម្មវិធីទាក់ទងនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី
ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល ជាក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការពិនិត្យឡើងវិញចុងអាណត្តិលើផែនការសកម្មភាពតំបន់អាស៊ានស្តីពីការលុបបំបាត់អំពើហិង្សាលើស្រ្តី (RPA-EVAW ២០១៦-២០២៥) ការរៀបចំផែនការសកម្មភាពតំបន់អាស៊ានថ្មី ស្តីពីការលុបបំបាច់អំពើហិង្សាលើស្ត្រី (RPA-EVAW ២០២៦-២០៣៥) និងគោលការណ៍ណែនាំអាស៊ានស្តីពីការដាក់បញ្ចូលពិការភាពក្នុងគោលនយោបាយ និងកម្មវិធីទាក់ទងនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ 

គោលបំណងនៃកិច្ចពិគ្រោះយោបល់រួមមាន៖

១) បង្កើនការយល់ដឹង ដល់អ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ តាមរយៈការវាយតម្លៃលើវឌ្ឍនភាព បញ្ហាប្រឈម និងមេរៀនបទពិសោធន៍ក្នុងការអនុវត្តកន្លងមក ដើម្បីបញ្ចូលទៅក្នុងរបាយការណ៍ចុងអាណត្តិ RPA-EVAW ២០១៦-២០២៥

២) ផ្តល់ជាវេទិកាដល់អ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធសំខាន់ៗដែលចូលរួមដោះស្រាយអំពើហិង្សាលើស្ត្រីនិងកុមារ ព្រមទាំងពិភាក្សាពីនិន្នាការដែលកំពុងកើតមាន និងកំណត់នូវ អាទិភាពចម្បងៗ ដើម្បីពន្លឿនវឌ្ឍនភាព

៣) កំណត់វិធីសាស្ត្រ និងឧបករណ៍ក្នុងតំបន់សម្រាប់ការរួមបញ្ចូលពិការភាពក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រី។

តាមរយៈសិក្ខាសាលានេះ កម្ពុជាអាចដាក់បញ្ចូលនូវចំណុចសំខាន់ៗនៃផែនការសកម្មភាពជាតិ ទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ (NAPVAW IV) ២០២៥-២០៣០ ទៅក្នុងផែនការសកម្មភាពតំបន់ អាស៊ានស្តីពី ការលុបបំបាត់អំពើហិង្សាលើស្ត្រី ២០២៦-២០៣៥ ឱ្យមានភាពស៊ីសង្វាក់គ្នារវាងផែនការសកម្មភាពជាតិ និងថ្នាក់តំបន់។

កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី ក្រោមកិច្ចសហការជាមួយ អង្គការ UN Women អង្គការ UNFPA និងមានសមាសភាពចូលរួមពីក្រសួង ស្ថាប័នសំខាន់ៗ ភាគីពាក់ព័ន្ធ សរុបចំនួន ៥១រូប (ស្រ្តី ៣៣រូប)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7