Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាបញ្ចប់គម្រោងមូលនិធិរួមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាបញ្ចប់គម្រោងមូលនិធិរួមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រៀបចំឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ។

ប្រទេសកម្ពុជាកំពុងឈានចូលក្នុងដំណាក់កាលដ៏សំខាន់នៃការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ដោយផ្តល់នូវមគ្គុទេសក៍ណែនាំ តាមរយៈផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ។ បរិវត្តកម្មប្រព័ន្ធស្បៀងរួមមាន៖ ភាពធននឹងអាកាសធាតុ អាហារូបត្ថម្ភ សមធម៌ យែនឌ័រ នវានុវត្ត និងឌីជីថល។

សិក្ខាសាលានេះរៀបចំឡើងក្នុងបំណងពង្រឹងការសម្របសម្រួល និងសកម្មភាពជាសមូហភាពឆ្ពោះទៅរកប្រព័ន្ធស្បៀងដែលមានសុខភាពល្អ កាន់តែមានចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដោយផ្តោតសំខាន់៖

១)បង្កើនការសម្របសម្រួល និងកិច្ចសន្ទនាជុំវិញវិធានការផ្លាស់ប្ដូរទាំង៦ សម្រាប់បរិវត្តកម្មប្រព័ន្ធស្បៀង។

២)ពិភាក្សាលើយុទ្ធសាស្ត្រហិរញ្ញវត្ថុរបស់ផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀង និងភស្តុតាងសំខាន់ៗ ជាពិសេស ការសិក្សាលើទិន្នន័យ HESAT20230។

៣) កៀរគរការប្ដេជ្ញាចិត្តថ្នាក់ជាតិ តាមរយៈឧបករណ៍ស្វែងរកការគាំទ្រ ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើសេចក្ដីសម្រេចស្ដីពីប្រព័ន្ធស្បៀង និងដាក់ចេញវិធានការផ្លាស់ប្ដូរ។

៤) ពង្រឹងការគាំទ្រ និងកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងពហុវិស័យសម្រាប់បរិវត្តកម្មប្រព័ន្ធស្បៀង។

សូមជម្រាបផងដែរថា សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានសិក្សា និងអ្នកជំនាញបច្ចេកទេស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9