រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការជ្រើសរើសប្រធានបទជាអាទិភាព សម្រាប់ការរៀបចំពង្រាងគោលនយោបាយសុខភាពសាធារណៈ។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយការអនុវត្ត Data to Policy (D2P) នៅប្រទេសកម្ពុជាដោយផ្តោតសំខាន់លើចំណុចមួយចំនួនដូចជា៖
១) ការបកប្រែភស្តុតាងវិទ្យាសាស្រ្ត ទៅជាគោលនយោបាយ សម្រាប់ប្រធានបទទាក់ទងនឹងវិស័យសុខភាពសាធារណៈ ដែលជាអាទិភាពក្នុងការបង្កើតគោលនយោបាយសុខាភិបាលជាតិ
២) ការកសាងសមត្ថភាព វិទ្យាស្ថានជាតិសុខភាពសាធារណៈ(NIPH) នៃក្រសួងសុខាភិបាល ដែលនឹងក្លាយជាស្ថាប័នថ្នាក់ជាតិដឹកនាំការអនុវត្ត និងការរៀបចំកម្មវិធី Data to Policy (D2P) នៅប្រទេសកម្ពុជា
៣) ការកំណត់អាទិភាពលើប្រធានបទ និង ជ្រើសរើសប្រធានបទចំនួន៥ សម្រាប់រៀបចំពង្រាងគោលនយោបាយ (Policy Briefs) លើវិស័យសុខភាពសាធារណៈ។
ក្នុងវគ្គសិក្ខាសាលានេះ ឯកឧត្តមវេជ្ជបណ្ឌិត រដ្ឋលេខាធិការ បានសំដែងការកោតសរសើរដល់ក្រុមការងារ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ តាមរយៈកិច្ចសហការជាមួយអង្គការ Vital Strategies។
បន្ថែមពីនេះ ឯកឧត្តមវេជ្ជបណ្ឌិត បានវាយតម្លៃខ្ពស់ ដល់វឌ្ឍនភាពដែលសម្រេចបានទាក់ទងនឹងការរៀបចំពង្រាងគោលនយោបាយ លើវិស័យអាទិភាពនានា របស់រាជរដ្ឋាភិបាល ដែលពិតជាមានសារៈសំខាន់ណាស់ សម្រាប់វិស័យនានា ជាពិសេសវិស័យសុខាភិបាល។ ឯកឧត្តមវេជ្ជបណ្ឌិត បានលើកទឹកចិត្ត ដល់ក្រុមការងារទាំងអស់ ខិតខំព្យាយាមបន្ថែមទៀត ក្នុងការរៀបចំពង្រាងគោលនយោបាយសុខភាពសាធារណៈ និងបានផ្តល់នូវអនុសាសន៍លើការជ្រើសរើសប្រធានបទ ដោយពិនិត្យលើផ្នែកសុខភាពសាធារណៈ រួមមាន៖ ជំងឺមិនឆ្លង ជំងឺមហារីក ធនធានមនុស្សសុខាភិបាល ប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល ការគ្របដណ្តប់សេវាសុខាភិបាលជាសារវន្ត ផ្នែកសម្ភព និងរោគស្រ្តី និងពិការភាពក្នុងវិស័យសុខាភិបាល។
ឯកឧត្តមវេជ្ជបណ្ឌិត បានស្នើសុំជាពិសេស ដល់អង្គការ Vital Strategies និងដៃគូអភិវឌ្ឍន៍នានា បន្តជួយគាំទ្រ បង្កើនសមត្ថភាពដល់មន្រ្តីសុខាភិបាល ក្នុងការវិភាគ ការប្រើប្រាស់ទិន្នន័យ បង្កើន សមត្ថភាពក្នុងការរៀបចំពង្រាងគោលនយោបាយសុខភាពសាធារណៈ នៅកម្ពុជា។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានស្នើសុំ និងលើកទឹកចិត្តដល់ វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល បន្តសហការជាមួយអង្គការ Vital Strategies រៀបចំពង្រឹងសមត្ថភាព និងយន្តការមូលដ្ឋាននីយកម្ម D2P នៅក្នុងក្រសួងសុខាភិបាលដោយមាន វិទ្យាស្ថានជាតិសុខភាពសាធារណៈ ជាសេនាធិការ និងដឹកនាំអនុវត្តការងារនេះ។
សិក្ខាសាលានេះ ទទួលបានការគាំទ្រពីអង្គការ Vital Strategies មានការចូលរួមពីក្រសួង ស្ថាបន័ពាក់ព័ន្ធ និងដៃគូអភិវឌ្ឍប្រមាណ៨០នាក់ ។