រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍ បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ពាក់អណត្តិ នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងថូចខាងក្រោម៖ 1. ដើម្បីវាយតម្លៃវឌ្ឍនភាព និងបញ្ញាប្រឈមក្នុងការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ 2. ពិនិត្យឡើងវិញអំពីការតម្រង់ទិសគោលនយោបាយ និងកម្មវិធី ដើម្បីសម្របសម្រួល និងផ្សារភ្ជាប់ទៅនឹងអាទិភាពយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខ័ណ្ឌ គោលនយោបាយអភិវឌ្ឍន៍នានា រួមទាំងផែនការយុទ្ធសាស្ត្រតាមវិស័យ 3. ធ្វើជាមូលដ្ឋានសម្រាប់ធ្វើបច្ចុប្បន្នកម្មគោលនយោបាយជាតិប្រជាជននាពេលអនាគត។
សូមគូសបញ្ជាក់ថា របាយការណ៍ពាក់កណ្តាលអណត្តិ នៃគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ បាននឹងកំពុងផ្តល់អត្តប្រយោជន៍ដល់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ សម្រាប់តម្រង់ទិសការសិក្សាស្រាវជ្រាវ និងជាធាតុចូលរៀបចំគោលនយោបាយ ការធ្វើផែនការ និងកម្មវិធីតាមវិស័យ។ របាយការណ៍នេះនឹងផ្តល់ជាប្រទីប និងជាធាតុចូលសម្រាប់ការវាយតម្លៃបញ្ចប់អណត្តិ នៃគោលនយោបាយ ជាតិប្រជាជន ២០១៦-២០៣០ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជននៅក្រោយឆ្នាំ២០៣០ ដោយផ្សារភ្ជាប់រវាងប្រជាជន និងការអភិវឌ្ឍន៍ ជាពិសេសការប្រើភាគលាភប្រជាសាស្រ្តប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចំនួន២៩ លោកស្រីប្រធានអង្គការ UNFPA និងដៃគូពាក់ព័ន្ធនានា សរុបចំនួន ១០១រូប។