រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការដឹកនាំគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (Steering Committee for Health Equity and Quality Improvement Project Phase 2 “H-EQIP 2”) ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈមចម្បងៗ ដំណោះស្រាយ និងជូនអនុសាសន៍ទិសដៅបន្ទាប់ ។
ជាកិច្ចចាប់ផ្តើមកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងគម្រោង និងសូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ការចែករំលែកចំណេះដឹង និងទស្សនទានសុខាភិបាល ប្រកបដោយសមធម៌ និងគុណភាពខ្ពស់ សម្រាប់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ដល់ក្រុមការងារពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក និងបានសម្តែងនូវការគាំទ្រយ៉ាងមុតមាំ និងលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការទៅមុខទៀត ដើម្បីប្រែក្លាយជាអត្ថប្រយោជន៍ដល់ប្រជាជន ជាពិសេសក្រុមប្រជាជនងាយរងហានិភ័យ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់អង្គប្រជុំដូចខាងក្រោម៖
១. ចែករំលែកព័ត៌មានទៅវិញទៅមកជាប្រចាំ ព្រោះការចែករំលែកនេះ ជាចលករសំខាន់ក្នុងការជម្រុញកិច្ចការងារឱ្យទទួលបានជោគជ័យ ដោយអាចដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយបានឆាប់រហ័ស។
២. រៀបចំតារាងពិនិត្យ និងវិភាគវឌ្ឍនភាព និងបញ្ហាប្រឈម ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាព ដែលបានអនុវត្តនិងសកម្មភាព ដែលត្រូវអនុវត្តបន្ត។
៣. អនុវត្ត សកម្មភាពអទិភាព ដោយ ភាព បត់បែន គ្រប់ជ្រុងជ្រោយ និង បុរេសកម្ម ។
៤. បង្កើតផែនទីគំនិត (Brainstorming) ដើម្បីរៀបចំផែនការអនុវត្ត និងដោះស្រាយបញ្ហាប្រឈម ដែលធ្វើឱ្យរាំងស្ទះដល់ការអនុវត្តគម្រោង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តមលោកជំទាវ លោក លោកស្រី មកពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា និងដៃហិរញ្ញប្បទាន (KfW, KOICA, DFAT, GFF) និង លោក លោកស្រីប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការ PBC នីមួយៗក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) សរុបចំនួន ៣៦ រូប។