ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យមណ្ឌលសុខភាព ចំនួន៨ (ជុំទី២) នៅក្នុងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងការបម្រើសេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ ក្រុមការងារបានជួបប្រជុំពិភាក្សា ជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចតុមុខ និងថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេគង្គ ព្រមទាំងពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ ៩ចំណុចដូចជា៖
១) ហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២) ធនធានមនុស្សសម្រាប់វិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣) ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម
៤) ការបម្រើសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ
៥) ការបំពេញការងារប្រចាំការនិងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧) ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាបានសុខសុវត្ថិភាព
៨) ជំរុញមណ្ឌលសុខភាពអោយមានការវិវត្តន៍ពីល្អមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ
៩) ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរង ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពទាំង៨ ទីតាំងដែលបានចុះទៅរួមមាន៖ មណ្ឌលសុខភាពផ្សារដើមថ្កូវ ទួលស្វាយព្រៃ ៧មករា ទួលគោគ ដូនពេញ ជ្រោយចង្វារ គីឡូម៉ែត្រលេខ៩ និងគីឡូម៉ែត្រលេខ៦។