Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាព នៃការរៀបចំមន្ទីរពិសោធន៍កម្រិត ៣ (BSL 3) សម្រាប់មន្ទីរពិសោធន៍ជាតិ នៃវិទ្យាស្ថានជាតិ សុខភាពសាធារណៈ (NIPH)
ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៥

នារសៀល ថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិ សុខភាពសាធារណៈ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងឆ្លើយតបបន្ទាន់កូវីដ-១៩ (COVID-19 ERP) បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាព នៃការតំឡើងប្រព័ន្ធសំពាធអវិជ្ជមាន (Negative Pressure)  ក្នុងអគារមន្ទីរពិសោធន៍ BSL 3  របស់វិទ្យាស្ថានជាតិ សុខភាពសាធារណៈ (NIPH) ។ 

ដោយមានការគាំទ្រពី ធនាគារពិភពលោក ក្នុងគម្រោង COVID-19 ERP ក្រសួងសុខាភិបាល បានផ្ដល់អទិភាពខ្ពស់ ក្នុងការពង្រឹងសមត្ថភាពបន្ថែម ផ្នែកមន្ទីរពិសោធន៍កម្រិត៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ទប់ស្កាត់ជំងឺឆ្លងកាចសាហាវនានា និងជំងឺមិនឆ្លង ដែលកន្លងមកយើងត្រូវពឹងផ្អែកបញ្ជូនសំណាកទៅពិនិត្យនៅប្រទេសក្រៅ ។ 

បច្ចុប្បន្នភាពដែលទទួលបាន៖

- អគារមន្ទីរពិសោធន៍មួយដែលបំពាក់សម្ភារទំនើប

- បន្ទប់ពិសោធន៍ BSL 3 ដែលមានពីរបន្ទប់ (2 Modules) សម្រាប់បាក់តេរី និងវីរុស

- ការបំពាក់ Negative Pressure តាមបច្ចេកទេស និងស្តង់ដាអន្តរជាតិ BSL 3 

- សម្ភារ និងបរិក្ខារសម្រាប់មន្ទីរពិសោធន៍ សុទ្ធសឹងមានគុណភាពខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវនៃមន្ទីរពិសោធន៍អន្តរជាតិ កម្រិត ៣ ។ 

ឆ្លៀតក្នុងនេះដែរ លោកជំទាវនាយកគម្រោង និងសហការីបានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្ទាល់ ដើម្បីវាយតម្លៃការងារ និងជំរុញកែសម្រួល ចំនុចខ្វះខាតដែលនៅសេសសល់ ឱ្យឆាប់បានសម្រេចតាមផែនការ។ លោកជំទាវ នាយកគម្រោង បានថ្លែងការកោតសរសើរដល់មន្រ្តីអនុវត្តគម្រោងទាំងអស់ របស់ក្រសួងសុខាភិបាល និង NIPH ពិសេសវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានជួយផ្នែកបច្ចេកទេស តាំងពីចាប់ផ្ដើមរៀបចំគម្រោង និងបន្តជួយបណ្ដុះបណ្ដាលដល់មន្រ្តី NIPH ជាបន្តបន្ទាប់ និងថ្លែងអំណរគុណគោរពជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារពិភពលោក ដែលបានឧបត្ថម្ភគាំទ្រ ដល់គម្រោងនេះ យ៉ាងសស្រាក់សស្រាំ។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិ សុខភាពសាធារណៈ លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធ  វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតំណាងក្រុមហ៊ុន Comin Khmere ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15