Cambodia
ព័ត៌មានលំអិត

Image
កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវមរណភាពមាតា និងទារក ជុំវិញកំណើតនិងការឆ្លើយតប សម្រាប់ថ្នាក់ខេត្ត
ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦កើត ទី ២៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់ថ្នាក់ខេត្ត។

តាមរយៈរបាយការណ៍ នៃវគ្គបណ្តុះបណ្តាលនេះ បង្ហាញថាសិក្ខាកាម ដែលអញ្ជើញមក​ពីមន្ទីរ​សុខាភិបាល និងមន្ទីរពេទ្យខេត្តទាំង៥ បានខិតខំ និងចូលរួមយ៉ាងសកម្ម​ រហូតទទួលបានលទ្ធផល​ល្អ​ប្រសើរ​ជាទីពេញចិត្ត។ ជាក់ស្តែង​លទ្ធផលនៃការវាស់ស្ទង់សមត្ថភាពមុន​ និងក្រោយការសិក្សាបង្ហាញពីលទ្ធផល​ល្អ​គួរជាទីកត់សម្គាល់ ពីពិន្ទុមធ្យម ៦៧% (មុនការសិក្សា) រហូតដល់ ៩៧% (ក្រោយការសិក្សា)។

ក្នុង​ពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវសាស្ត្រាចារ្យ បានផ្តល់នូវអនុសាសន៍ដល់ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត ថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាល និងសិក្ខាកាមសំខាន់ៗមួយចំនួនរួមមាន៖ (១)​ ត្រូវរៀបចំ​គណកម្មការ MPDSR ថ្នាក់ខេត្ត ថ្នាក់មន្ទីរពេទ្យខេត្ត និងថ្នាក់មន្ទីរពេទ្យស្រុក ដោយអនុលោមតាមពិសារជាតិ​ស្តីពី​ការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (២) ត្រូវយកចំណេះ​ដឹងដែល​បានពី​សិក្ខាសាលានេះ ទៅបណ្តុះបណ្តាលបន្តដល់បុគ្គលិករបស់ខ្លួន (៣) ពង្រឹងការពិនិត្យរាល់ករណីមរណភាពមាតា និងទារកជុំវិញកំនើតដោយប្រើប្រាស់ទម្រង់ទាំង៣ និងត្រូវផ្ញើមកលេខាធិការដ្ឋានអោយបានមុន​៣ម៉ោង​ក្រោយពី​បានបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ។ (៤)​ គណកម្មការ MPDSR ថ្នាក់ខេត្តមានភារកិច្ចពិនិត្យករណីមរណភាពមាតា​ និងទារកក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ទាំងនៅគ្លីនិក និងនៅសហគមន៍ (៥) ត្រូវលើកកម្ពស់កិច្ចសហការ​នៃផ្នែកពាក់ព័ន្ធ ដូចជាផ្នែកសម្ភព ផ្នែកទារក ផ្នែកសង្រ្គោះបន្ទាន់/សណ្តំ ដើម្បីវិភាគករណីនិមួយៗ (៦) គ្រូបង្គោលថ្នាក់មន្ទីរពេទ្យជាតិត្រូវបណ្តុះបណ្តាលដល់មន្ទីរពេទ្យសម័្ពនមេត្រី (៧) ត្រូវពង្រឹងគុណភាព ANC ខិតខំកំណត់អោយបាននូវកត្តាប្រឈមរបស់ស្រ្តី (High-risk pregnancy) និងរៀបចំការបញ្ជូនឱ្យចំទិសដៅ និងប្រកបដោយសុវត្ថិភាព។ 

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ  ដោយមានការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាល​អូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមដោយផ្ទាល់​ចំនួន ៥០រូប និង​តាមប្រព័ន្ធនិមិត្ត ចំនួន ២៩៩រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9