រាជធានីភ្នំពេញ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួល ក្នុងការពង្រឹងគុណភាពជំងឺមហារីក បានដឹកនាំកិច្ចប្រជុំលើកទី២ ស្តីពីការពិភាក្សា និងពិនិត្យមើលលើឯកសារពង្រាងសៀវភៅ Clinal Manual on Cervical Cancer Colposcopy, Thermal Ablation and Electrosurgical Excision Procedure (LEEP) ទាំងភាសាខ្មែរ និងភាសាអង់គ្លេស។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សា និងពិនិត្យមើលលើឯកសារពង្រាងសៀវភៅ Clinical Manual on Cervical Colposcopy, Thermal Ablation and Loop Electrosurgical Excision Procedure និងដើម្បីសម្រេចលើជំហានបន្ទាប់សម្រាប់កែសម្រួល និងការប្រើពាក្យពេជន៍ឱ្យត្រឹមត្រូវតាមស្តង់ដាតែមួយ។
កិច្ចប្រជុំលើកទី២ បានពិភាក្សា និងពិនិត្យកែសម្រួលលើឯកសារពង្រាងសៀវភៅ Clinical Manual on Cervical Colposcopy, Thermal Ablation and Loop Electrosurgical Excision Procedure បន្តពីការប្រជុំលើកទី១ ដើម្បីពន្លឿនការងារនេះឱ្យបានឆាប់ និងបានដាក់ជូនថ្នាក់ដឹកនាំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ត្រូវពិនិត្យឱ្យបានត្រឹមត្រូវ ព្រោះសៀវភៅនេះ ទាក់ទងនឹងជំនាញបច្ចេកទេស ថ្នាក់ដឹកនាំ គ្រូពេទ្យេជំនាញ និងមន្ទីរពេទ្យថ្នាក់ជាតិផងដែរ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវសាស្ត្រាចារ្យ ទុង រដ្ឋាវី និងលោកជំទាវវេជ្ជបណ្ឌិត គ្រួច រ៉ាយូណែត ឯកឧត្តមសាស្រ្តាចារ្យ សាន់ ចាន់សឿន ទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ គុំ កាណាល់ និងតំណាងគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុម: មន្ទីរពេទ្យតេជោសន្តិភាព មន្ទីរពេទ្យកុមារជាតិ និងក្រុមការងារជំងឺមហារីក នៃនាយកដ្ឋានការពារសុខភាព សរុបចំនួនសរុប ១៤រូប។