Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូមូលនិធិសេវា (SEVA Foundation) លើកិច្ចសហប្រតិបត្តិការផ្នែកសុខភាពភ្នែក
ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបប្រជុំពិភាក្សាការងារស្តីពីសុខភាពភ្នែក ជាមួយគណៈប្រតិភូមូលនិធិសេវា ដឹកនាំដោយ លោកស្រី Heidi Chase នាយិកាកម្មវិធីមូលនិធិសេវាសហរដ្ឋអាមេរិក។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានពាំនាំការថ្លែងអំណរគុណរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូនគណៈប្រតិភូមូលនិធិសេវា អំពីសមិទ្ធិផលដែលទទួលបានជាផ្លែផ្កា ជាបន្តបន្ទាប់ តាមរយៈការសហការយ៉ាងជិតស្និទជាមួយនឹងក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិសុខភាពភ្នែក មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យសប្បុរស ដើម្បីពង្រឹងសេវាសុខភាពភ្នែកនៅកម្ពុជា។

លោកស្រី Heidi Chase នាយិកាកម្មវិធីមូលនិធិសេវាសហរដ្ឋអាមេរិក បានជម្រាបជូនថា មូលនិធិសេវាប្រភេទអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់កម្រៃសកល ផ្តោតលើការថែទាំសុខភាពភ្នែក និងការផ្លាស់ប្តូរជីវិតមនុស្ស តាមរយៈការស្ដារគំហើញឡើងវិញ និងបញ្ចៀសពិការភាពភ្នែក។ ចាប់តាំងពីឆ្នាំ១៩៧៨ មក មូលនិធិសេវា បានផ្តល់នូវការវះកាត់ស្ដារគំហើញ វ៉ែនតា ថ្នាំពេទ្យ និងសេវាថែទាំភ្នែកដល់មនុស្សជាង ៦៤លាននាក់ នៅក្នុងសហគមន៍ខ្វះខាតជុំវិញពិភពលោក និងបានជួយមនុស្សប្រមាណជិត ៧លាននាក់ ដែលពិការភ្នែក ទទួលបានការស្ដារគំហើញឡើងវិញ នៅក្នុងប្រទេសជាង២០ កន្លងមក។

លោកស្រីបានបន្ថែមថា មូលនិធិសេវាបានធ្វើការនៅក្នុង ព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩ ហើយការិយាល័យប្រចាំប្រទេសត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០២។ សមិទ្ធិផលសំខាន់ៗ រួមមាន មណ្ឌលថែទាំភ្នែក សេវាសុខភាពភ្នែក សុខភាពភ្នែកកុមារ កម្មវិធីពិនិត្យភ្នែកនៅតាមសាលារៀន ការកសាងសមត្ថភាព និងជំនួយបរិក្ខារ។ នាពេលថ្មីៗនេះ មូលនិធិសេវាបានប្រគល់ជូនសម្ភារសម្រាប់ថតបាតភ្នែកចំនួន ០៥គ្រឿង ដើម្បីពិនិត្យតាមដានលទ្ធផល នៃជំងឺរលាកសរសៃបាតភ្នែក ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងទឹកដក់ក្នុងភ្នែក ដល់កម្មវិធីជាតិសុខភាពភ្នែក។ សម្ភារទាំងនេះ នឹងជួយពង្រឹងសេវាសុខភាពភ្នែក ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់មូលនិធិសេវា ធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីជាតិសុខភាពភ្នែក និងដៃគូជាតិ និងអន្តរជាតិផ្សេងទៀត ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ អំពីការថែទាំភ្នែក ការកសាងសមត្ថភាព និងការពង្រឹងប្រព័ន្ធ ក្នុងដំណើរបេសកកម្មស្របនឹងកម្មវិធីយុទ្ធសាស្រ្តជាតិ គឺកាត់បន្ថយភាពពិការភ្នែកឱ្យនៅទាបបំផុត នៅឆ្នាំ២០៣០ និងដើមី្បរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងយកចិត្តទុកដាក់ខ្ពស់ពីសុខុមាលភាពប្រជាជនកម្ពុជា ឱ្យឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10