រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៣ ស្តីពីការពង្រឹង និងបង្កើនសេវាព្យាបាល ថែទាំ និងសង្គ្រោះប្រកបដោយគុណភាព។ ទិវានេះបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលមានគោលបំណង៖
១) ចែករំលែកនូវបទពិសោធន៍ក្នុងការថែទាំ ព្យាបាល និងសង្គ្រោះមាតា និងទារក ដើម្បីកាត់បន្ថយហានិភ័យនានា ពិសេសអត្រាមរណភាព ដែលអាចបង្ការបាន
២) បង្ហាញពីរបកគំហើញថ្មីៗ នៃការព្យាបាលដើម្បីបង្កើនគុណភាពសេវា
៣) លើកកម្ពស់ការអនុវត្ត ការថែទាំ ការព្យាបាល និងគាំពារសុខភាពមាតា និងទារកប្រកប ដោយសុវត្ថិភាព។
ក្នុងឱកាសនៃពិធិបើក លោកជំទាវសាស្ត្រាចារ្យ បានផ្តល់នូវអនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាល និងអ្នកចូលរួមទាំងអស់ ដើម្បីពង្រឹងគុណភាពសេវា និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើវិស័យសុខាភិបាល មន្ត្រីទាំងអស់គប្បីខិតខំសិក្សាបង្កើនចំណេះដឹងលើជំនាញបច្ចេកទេសថ្មីៗ ដែលពិភពលោកមាន ត្រូវបុរេសកម្មលើការងារវេជ្ជសាស្ត្រ និងគិតគូអ្វីថ្មី សម្រាប់សកម្មភាពបន្តទៅមុខ ដើម្បីទទួលបានលទ្ធផលល្អ ព្រមទាំងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទាក់ទាញការពេញចិត្តរបស់ប្រជាជនមកលើវិស័យសុខាភិបាលជាតិយើង។ លោកជំទាវសាស្ត្រាចារ្យ បានបញ្ជាក់ថា ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី គឺពិតជាឱកាសមួយបន្ថែមទៀត ដើម្បីប្រមូលគ្រប់អ្នកឯកទេស ជំនាញពាក់ពន្ធ័ចូលរួមចែករំលែកបទពិសោធន៍ និងធ្វើបច្ចុប្បន្នភាពចំណេះដឹង ឆ្លើយតបនឹងយុទ្ធសាស្ត្រអាទិភាពរបស់រដ្ឋាភិបាល នីតិកាលទី៧ ដែលបានផ្តល់អទិភាពដល់វិស័យសុខាភិបាល គាំពារសុខភាពសង្គម ជាអាទិភាពសំខាន់មួយសម្រាប់អភិវឌ្ឍមូលធនមនុស្ស “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន”។ ការអភិវឌ្ឍជំនាញបច្ចេកទេសថ្មីៗជាប្រចាំ ការចែករំលែកបទពិសោធន៍ ការសិក្សាពីចំនុចខ្វះខាត និងធ្វើការកែលម្អ គឺជាកត្តាដែលមិនអាចខ្វះបានសម្រាប់អ្នកបម្រេីសេវាគ្រប់រូប។
ទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៣ មានការអញ្ជើញចូលរួមពីមន្ត្រីសុខាភិបាល សេវាសាធារណៈ និងសេវាឯកជន ដោយផ្ទាល់ចំនួន ២៥៥រូប និងតាមប្រព័ន្ធ zoom ចំនួន ៩៤០រូប។