ខេត្តកំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានដឹកនាំក្រុមគ្រូពេទ្យមន្ទីរពេទ្យជាតិ ចុះអភិបាលគាំទ្រ ពង្រឹងសមត្ថភាពបន្ថែម ផ្នែកសង្គ្រោះបន្ទាន់និងប្រព័ន្ធបញ្ជូន និងពិនិត្យវឌ្ឍនភាព មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងមន្ទីរពេទ្យបង្អែកបរិបូរណ៍ក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងដំណើរចុះអភិបាលគាំទ្រនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានផ្តល់ការណែនាំបង្ហាត់បង្ហាញទៅដល់ ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យទាំងអស់ និងបានចូលរួម ពិនិត្យផ្តល់យោបល់ក្នុងការ ពង្រឹងសមត្ថភាព និងគុណភាព នៃការផ្តល់សេវា ក៏ដូចជាការផ្តល់យោបល់ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ដើម្បីឱ្យកាន់តែមានសោភ័ណភាព និងអនាម័យ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានទទួលការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញការងារផ្តល់សេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។
ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងមន្ទីរពេទ្យបង្អែកបរិបូរណ៍ និងក្រុមគ្រូពេទ្យឯកទេសផ្នែកសង្គ្រោះបន្ទាន់ មកពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។