រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក នៅការិយាល័យធនាគារពិភពលោក លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំគម្រោង Contingent Emergency Response Project (CERP)។
គោលបំណង នៃកិច្ចប្រជុំ៖
-ពិនិត្យនិងស្វែងយល់អំពីបរិបទនៃភាពងាយរងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា
-ពិនិត្យអំពីផលប៉ះពាល់របស់គម្រោង និងដំណើរការរៀបចំទិដ្ឋភាពបច្ចេកទេស ការកំណត់លក្ខខ័ណ្ឌនៃការឆ្លើយតបបន្ទាន់ និងថវិការបស់គម្រោង
-ពិនិត្យវឌ្ឍនភាពនៃការរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងគោលការណ៍ណែនាំពាក់ព័ន្ធសម្រាប់អនុវត្តសកម្មភាពរបស់គម្រោង
-ការរៀបចំគណៈកម្មាការគ្រប់គ្រងគម្រោង និងរចនាសម្ព័ន្ធគ្រប់គ្រងគម្រោង
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី មន្ត្រីជំនាញក្រសួងសុខាភិបាល តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តំណាងក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមការងារធនាគារពិភពលោក។