Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិកសម្រាប់ជំងឺមិនឆ្លង (NCD EMR)
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៥

ខេត្តកំពត៖ ថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង  អគ្គនាយកបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាល គ្រូបង្គោល ស្តីពីការប្រើប្រាស់ ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិកសម្រាប់ជំងឺមិនឆ្លង (NCD EMR)។

សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណង៖

១. ណែនាំអំពីការប្រើប្រាស់ និងស្វែងយល់កាន់តែច្បាស់អំពីប្រព័ន្ធ EMR និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ប្រព័ន្ធ ជូនដល់មន្ត្រីបង្គោលនៅតាម មន្ទីរសុខាភិបាលរាជធានី ខេត្ត និងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ

២. ណែនាំអំពី ការបញ្ចូល ការកែប្រែ ការស្វែងរកទិន្នន័យ អ្នកជំងឺឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព

៣. ណែនាំអំពីការទាញយករបាយការណ៍ និងការធ្វើផែនការដោយផ្អែកលើទិន្នន័យ

៤. យល់ដឹងពីលក្ខខណ្ឌ នៃការទទួលបាននូវថវិកាស្នាដៃការងារ រួមជាមួយការភ្ជាប់ជាមួយប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយថ្មី របស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិតបានណែនាំឱ្យសិក្ខាកាមទាំងអស់ព្យាយាមស្វែងយល់ ដើម្បីអាចផ្តល់ការបណ្តុះបណ្តាលបន្ដដល់មន្ត្រី និងបុគ្គលិកសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រោះប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក សម្រាប់ជំងឺមិនឆ្លងនេះ មានសារៈប្រយោជន៍ចម្បងក្នុងការរក្សាទុកទិន្នន័យអ្នកជំងឺបានត្រឹមត្រូវ ដែលអាចយកមកវិភាគ ដើម្បីរៀបចំផែនការ យុទ្ធសាស្រ្ត និងការសម្រេចចិត្តក្នុងគោលនយោបាយ។ លើសពីនេះទៀត ប្រព័ន្ធនឹងអាចតភ្ជាប់ជាមួយប្រព័ន្ធឌីជីថល របស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (NPCA) ដែលមានភាពងាយស្រួលក្នុងការបញ្ជាក់ចំណាយ នៃការផ្តល់សេវាសុខាភិបាល ។

ជាចុងក្រោយ ឯកឧត្តមវេជ្ជបណ្ឌិតអគ្គនាយក បានថ្លែងអំណរគុណដល់ គម្រោង HEQIP 2 និងក្រុមការងារ នៃនាយកដ្ឋានសុខាភិបាលឌីជីថល និងនាយកដ្ឋានការពារសុខភាព ដែលបានរៀបចំ វគ្គបណ្តុះបណ្តាលនេះឡើង។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាមន្រ្តីបង្គោលទទួលបន្ទុកការងារជំងឺមិនឆ្លង នៃមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មកពីខេត្តចំនួន១៣ សរុបចំនួន ៧៤រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9