រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១៣ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព។
កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗចំនួន ៣ដូចខាងក្រោម៖
១-ការពិនិត្យលើរបាយការណ៍វឌ្ឍនភាព បច្ចេកទេសត្រីមាសទី២ ឆ្នាំ២០២៥ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងទិសដៅឆ្នាំ២០២៦
២-ការពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ ត្រីមាសទី២ ឆ្នាំ២០២៥
៣- ការរៀបចំការជ្រើសរើសសមាសភាព សមាជិកក្រុមប្រឹក្សាភិបាលអាណត្តិថ្មី
ក្នុងឱកាសនៃកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ បន្តការណែនាំជូនដល់មន្ត្រីរាជការ និងគ្រូពេទ្យទាំងអស់ សូមយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងមិនរើសអើង ទោះបីប្រើបណ្ណ ប.ស.ស ឬមូលនិធិសមធម៌។ បន្ថែមពីនេះ លោកជំទាវ សូមឱ្យបន្ដពង្រឹងនូវគុណភាព រួមជាមួយនវានុវត្តន៍បច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ តាមនិយាមការវិវត្តថ្មីៗផ្នែកសុខាភិបាល នៃសកលលោក។
ជាចុងក្រោយ លោកជំទាវប្រធានអង្គប្រជុំ បានថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានចូលរួមយ៉ាងស្រស្រាក់ស្រស្រាំជាមួយក្រសួងសុខាភិបាល ក្នុងការការពារសុខភាព ដល់វីរៈកងទ័ព និងជនភៀសសឹក ក្នុងអំឡុងពេលមានស្ថាភាពការណ៍តានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយលោកជំទាវក៏បានថ្លែងនូវអំណរគុណដល់ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលកន្លងមកបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ទំនុកចិត្ត ក្រមសីលធម៌វិជ្ជាជីវៈ និងមានការកោតសរសើរច្រើនពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
កិច្ចប្រជុំនេះ មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ស្រី វុធ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ នាយករង នាយិការង ប្រធានការិយាល័យទាំងបី និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ១០រូប។