Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំត្រីមាស របស់ក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១០  ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស សម្រាប់ក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅសណ្ឋាគារសាន់វេ។ 

កិច្ចប្រជុំនេះ បានពិភាក្សាលើចំណុចមួយចំនួនដូចខាងក្រោម៖

- ពិនិត្យមើលវឌ្ឍនភាពរបស់ GMAG និងបញ្ហាប្រឈមសំខាន់ៗ ក្នុងការជំរុញ GESI ក្នុងវិស័យសុខាភិបាល

- ពង្រឹងការសម្របសម្រួល ការចែករំលែកចំណេះដឹង និងសមត្ថភាពក្នុងចំណោមសមាជិក

- កំណត់សកម្មភាពអាទិភាពសម្រាប់ត្រីមាសបន្ទាប់។

ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានបញ្ជាក់ថា នេះជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ ក្នុងការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នសង្គម ក្នុងវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា ដែលបានជះឥទ្ធិពលលើបទពិសោធន៍ និងលទ្ធភាព ទទួលបានការថែទាំសុខភាព ដូចជាការកំណត់ ឬអនុញ្ញាតឱ្យបុគ្គលម្នាក់អាចទទួលបានព័ត៌មានសុខាភិបាល ការគាំទ្រ និងសេវាថែទាំសុខភាពនានា។ សមភាពយេនឌ័រ និងបរិយាបន្នសង្គម នៅតែមានកត្តាប្រឈមជាច្រើនសម្រាប់ប្រទេសកម្ពុជា ក្នុងនោះដែរ វិស័យសុខាភិបាលក៏មានបញ្ហាដូចជា៖ អត្រាមរណៈភាពមាតា នៅតែមានកម្រិតខ្ពស់ ក្រុមងាយរងគ្រោះ(រួមមានស្រ្តី ជនមានពិការភាព ប្រជាជនតំបន់ដាច់ស្រយាល ជនក្រីក្រ) ទទួលបាននូវសេវាសុខាភិបាលទៅតាមតម្រូវការជាក់ស្តែងរបស់គាត់ និងស្ត្រីក្នុងមុខតំណែងគ្រប់គ្រង នៅមានកម្រិត ហើយទទួលបាននូវសមភាពយេនឌ័រ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាល ដល់ស្រ្តីជាជនងាយរងគ្រោះ និងជនបាត់បង់ឱកាសឱ្យកាន់តែប្រសើរឡើង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល តំណាងនាយកដ្ឋានក្រោមឱវាទក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងដៃគូពាក់ព័ន្ធ មន្ទីរសុខាភិបាលទាំង២៥ រាជធានី ខេត្ត សរុប ចំនួន ២៥១រូប ក្នុងនោះចូលរួមផ្ទាល់ចំនួន ៤៥ រូប និងតាមប្រព័ន្ធនិមិត្តសរុបចំនួន ២០៦នាក់ (ស្រី្តចំនួន១៤០នាក់) ក្រោមការឧបត្ថម្ភគាំទ្រដោយ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9