Cambodia
ព័ត៌មានលំអិត

Image
អបអរសាទរទិវាអក្ខរកម្មអន្តរជាតិ ខួបលើកទី ២៥ ក្រោមប្រធានបទ "ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល"
ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៥

ខេត្តក្រចេះ៖ ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងទិវាអក្ខរកម្មអន្តរជាតិ ខួបលើកទី២៥ ក្រោមប្រធានបទ "ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល" នៅខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពី ឆ្នាំ២០០០ មក ដោយឈរលើស្មារតី អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹង និងជាមធ្យោបាយឈានឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា អក្ខរកម្ម គឺជាគន្លឹះនៃការអភិវឌ្ឍ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ អក្ខរកម្ម គឺជាមធ្យោបាយ ដ៏មានសារៈសំខាន់ និងមិនអាចខ្វះបានក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្នសម្រាប់ ជំរុញឱ្យប្រជាពលរដ្ឋយើងមានការអភិវឌ្ឍ។ ចំពោះអក្ខរកម្មឌីជីថល គឺជាការលើកកម្ពស់ការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឱ្យកុមារកម្ពុជាត្រៀមខ្លួនឱ្យបានរួចស្រេច ដើម្បីចាប់យកការអប់រំ ជំនាញកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយជូនដល់អង្គពិធី ដែលមានអត្ថន័យសង្ខេបរួមមាន៖ ១) ការអភិវឌ្ឍគោលនយោបាយ ២) បង្កើតកម្មវិធីបណ្ដុះបណ្តាលគ្រប់រូបភាព លើផ្នែកឌីជីថលសម្រាប់ប្រជាជនកម្ពុជាគ្រប់វ័យ ៣) ជំរុញការចូលរួមក្នុងសហគមន៍ ការចូលរួមរបស់យុវជន និងនិស្សិត ៤) អក្ខរកម្ម និងការអភិវឌ្ឍជំនាញនៅកន្លែងធ្វើការ ៥) ការពង្រឹងភាពជាដៃគូ ៦) តួនាទីរបស់ស្ថាប័នសាសនា ៧) ការផ្សព្វផ្សាយ និងការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ។

Image 1
Image 2
Image 3