ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សាន់សាប់អី រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីប្រកាស ក្រុងច្បារមនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ក្រុងច្បារមន ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការ ពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង ស្រុក ខណ្ឌ ណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និង អង្គការសុខភាពពិភពលោកផងដែរ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកស្រី Dr. Marianna Trias ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់ជាន់ថ្នាក់ សរុបចំនួន ២៣៨រូប។