វគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយតាមមន្ទីរពេទ្យ នៃខេត្តកំពង់ចាម
ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤
ខេត្តកំពង់ចាម៖ ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយតាមមន្ទីរពេទ្យ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឱ្យមន្ទីរពេទ្យចេះបង្កើតផែនការឆ្លើយតប, ការគ្រប់គ្រង, ការសរសេរគោលនយោបាយ, និងការសរសេរនីតិវិធី ដែលតម្រូវឱ្យផែនការ DHPP ដែលជាមគ្គុទេសក៍សម្រាប់មន្ទីរពេទ្យត្រៀមទុកនៅពេលមានគ្រោះមហន្តរាយកើតឡើងទាំងក្នុង និងក្រៅ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកពីចំណុចសំខាន់ៗសម្រាប់វគ្គបណ្តុះបណ្តាលនេះដើម្បីឱ្យមន្ទីរពេទ្យយកទៅត្រៀមខ្លួនដូចតទៅ៖
១)ការត្រៀមជាមុន ដែលត្រូវមានធនធានមនុស្ស, សមត្ថភាព, ឧបករណ៍សម្ភារនិងឱសថគ្រប់គ្រាន់ ហើយត្រូវតែមានSOP សម្រាប់មន្ទីរពេទ្យទាំងអស់។
២)ការអនុវត្តតាមSOP ដែលបានរៀបចំរួចជាស្រេចសម្រាប់ការអនុវត្តពីមួយជំហានទៅមួយជំហានឱ្យបានច្បាស់លាស់។
៣)ការរៀបចំផែនការត្រៀមលក្ខណៈសម្បត្តិដំណើរការមន្ទីរពេទ្យឡើងវិញក្រោយមានព្រឹត្តិការណ៍គ្រោះមហន្តរាយកើតឡើង។
ដូចនេះដើម្បីអនុវត្តបាននូវចំណុចទាំង៣ ខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើដល់ក្រុមគ្រូបង្គោលដែលទៅបណ្ដុះបណ្ដាលនៅក្នុងវគ្គនេះរួមជាមួយសិក្ខាកាមធ្វើការពិភាក្សាគ្នាឱ្យបានល្អិតល្អន់ និងបង្ហាត់បង្ហាញពីការរៀបចំទៅតាមលំដាប់លំដោយនៃចំណុចទាំងអស់នេះ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំទៅដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ជាពិសេសមន្រ្តីសុខាភិបាលបម្រើការងារនៅតាមមន្ទីរពេទ្យដែលជាមន្ត្រីបច្ចេកទេសត្រូវខិតខំពង្រឹងចំណេះជំនាញបច្ចេកទេសដោយសិក្សាស្វែងយល់ និងធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ដើម្បីធ្វើឱ្យចំណេះជំនាញបច្ចេកទេសរបស់ខ្លួនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
វគ្គបណ្តុះបណ្តាលនេះរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ និងសហការណ៍ឧបត្ថម្ភដោយអង្គការ USAID EQHA II FHI 360 និងមានការអញ្ញើញចូលរួមពីសំណាក់ លោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ ឯកឧត្តមវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម លោកស្រី Lisa Dolan Branton ប្រធានគម្រោង USAID EQHA II FHI 360 និងមន្រ្តីសុខាភិបាលមកពីមន្ទីរពេទ្យបង្អែកស្រុក និងខេត្ត។