Cambodia
ព័ត៌មានលំអិត

Image
UNICEF បន្តជួយពង្រឹងប្រព័ន្ធសុខាភិបាលសុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ
ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោក Will Parks ប្រធានមូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (អង្គការ UNICEF)។ 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានចូលរួមសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាតាមរយៈការផ្ដល់ជូនទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍនៅធនធានមនុស្សនាពេលកន្លងមក និងបានជួយដល់ការសម្រេចបាននូវគោលដៅសុខាភិបាលមួយចំនួន តាមរយៈកម្មវិធីចាក់ថ្នាំបង្ការ និងកម្មវិធីសុខភាពមាតា និងកុមារជាដើម។

លោក Will Parks ប្រធានមូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា តែងតែបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ លោក Will បានជម្រាបជូនថា ក្រោមកិច្ចសហប្រតិបត្តិការជិតស្និតជាមួយក្រសួងសុខាភិបាល មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានពិភាក្សា និងរៀបចំផែនការរយៈពេល៥ ឆ្នាំ (Country Program) ដោយអនុលោមតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដោយផ្តោតជាសំខាន់លើការគ្របដណ្តប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកបានអបអរសាទរក្រសួងសុខាភិបាល ដែលបានទទួលការសម្រេចពីមូលនិធិសកល តាមរយៈមូលនិធិអាហារូបត្ថម្ភកុមារ នឹងផ្តល់ជូនកម្ពុជាឱ្យទទួលបានឱកាសជាប្រទេស Unlock សម្រាប់ការស្វែងរកការគាំទ្រពីគម្រោងនេះលើកម្មវិធីអាហារូបត្ថម្ភកុមារនៅកម្ពុជា ប៉ុន្តែត្រូវមានការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាលជាមួយអង្គការ UNICEF ព្រមទាំងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ សម្រាប់រយៈពេលប្រាំឆ្នាំពីឆ្នាំ២០២៦-ឆ្នាំ២០៣០។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ មូលនិធិកុមារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានរៀបចំផែនការ៥ ឆ្នាំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជា សកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14