រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង ឯកឧត្តម ចិនហ្សាមិន ឆាង (Benjamin Chiang) ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលជំនួយ ម៉ាស៊ីនថតសួត ឌីជីថល មានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដើម្បីបង្កើនការរុករកជំងឺរបេងបានឆាប់រហ័ស និងថែទាំព្យាបាលបានទាន់ពេលវេលា។
កិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណជូនដល់រដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដែលតែងតែបានរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល និងសុខភាពសាធារណៈនៅកម្ពុជាទាំងនៅកម្រិតជាតិ និងនៅថ្នាក់ក្រោមជាតិ ក្នុងនោះរួមមានជំងឺរបេង អេដស៍ គ្រុនចាញ់ សុខភាពមាតា និងទារក កូវីដ-១៩ និងជំងឺឆ្លង និងមិនឆ្លងជាច្រើនទៀត។
លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ការទទួលបានម៉ាស៊ីនថតសួតបែបឌីជីថលចំនួន៣គ្រឿង នាឱកាសថ្ងៃនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយពន្លឿនការឆ្លើយតបជំងឺរបេងនៅក្នុងប្រទេសកម្ពុជា ដែលជាពិសេសនោះ លើការស្រាវជ្រាវករណីរបេងនៅតាមសហគមន៍ ដើម្បីធានាថាអ្នកដែលសង្ស័យថាមានជំងឺរបេង ឬផ្ទុក និងឆ្លងជំងឺរបេងបានទទួលសេវាធ្វើរោគវិនិច្ឆ័យ សេវាព្យាបាល និងថែទាំបានឆាប់រហ័ស។ ជាងនេះទៅទៀត ការប្រើប្រាស់នូវឧបករណ៍ទំនើប និងបែបឌីជីថលទាំងនេះ ពិតជាបង្កើននូវលទ្ធភាព និងសមត្ថភាពរបស់អ្នកផ្តល់សេវារបេង ជាមួយនឹងលទ្ធផលកាន់តែជឿទុកចិត្ត និងឆាប់រហ័ស។
ក្នុងពិធីនេះដែរ មានការអញ្ជើញការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម លោក ប្រធានមន្ទីរសុខាភិបាលទាំង៩ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង បាត់ដំបង កោះកុង និងរតនគិរី និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថានទូតសហរដ្ឋអាមេរិក តំណាងស្ថាប័នពាក់ព័ន្ធ និងអង្គការមួយចំនួន រួមមាន៖ WHO, KHANA, CHAI, FHI360, CATA, CHC ។