Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ដំណើរទស្សនកិច្ចសិក្សារបស់មន្ទីរពេទ្យថ្នាក់ជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត
ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤

នាថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងមជ្ឈមណ្ឌលជាតិទាំង១១ ធ្វើទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យកាល់ម៉ែត។

ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ គឺជាការស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងអ្នកជំនាញនៃមន្ទីរពេទ្យថ្នាក់ជាតិ និងមជ្ឈមណ្ឌលជាតិ ក្នុងគោលដៅរួមតែមួយ គឺជួយជម្រុញគុណភាពសេវាព្យាបាល ផ្តោតសំខាន់ទៅលើអ្នកជំងឺ សង្គ្រោះបន្ទាន់ និងប្រពោធនកម្ម ឲ្យឈានទៅរកកម្រិតខ្ពស់ថ្មីមួយទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនៅតាមអង្គភាពទាំងអស់ បន្តខិតខំធ្វើនវានុវត្តន៍លើសេវាព្យាបាលដែលមានស្រាប់ និងបង្កើនបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗបន្ថែមទៀត ដោយសហការគ្នាទៅវិញទៅមកឲ្យបានស្អិតរមួត សំដៅផ្តល់សេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ជូនអ្នកជំងឺ។

ជាចុងក្រោយ ឯកឧត្ដមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណថ្នាក់ដឹកនាំមន្ទីរពេទ្យថ្នាក់ជាតិ ដែលបានខិតខំចូលរួមក្នុងដំណើរទស្សនកិច្ចខាងលើ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ យកទៅអនុវត្តបន្តនៅតាមអង្គភាពរៀងៗខ្លួន។

ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល លោក លោកស្រីនាយករងមន្ទីរពេទ្យ ប្រធានការិយាល័យបច្ចេកទេស ប្រធាន អនុប្រធានក្រុមការងារថែទាំ នៃមន្ទីរពេទ្យថ្នាក់ជាតិ និងមជ្ឈមណ្ឌលជាតិ សរុបប្រមាណ ៨៥នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19