Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ ផែនការសកម្មភាពជាតិ ការលើកកម្ពស់សុខភាពដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០២៥-២០៣០
ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ផែនការសកម្មភាពជាតិ ការលើកកម្ពស់សុខភាពដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០២៥-២០៣០។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រមូលនូវធាតុផ្សំចម្បងៗ ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា សម្រាប់រៀបចំ ''ផែនការសកម្មភាពជាតិ ការលើកកម្ពស់សុខភាពដើម្បីបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០២៥-២០៣០'' មួយដែលអាចប្រតិបត្តិបានគ្រប់លំដាប់ថ្នាក់។

ក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានរំលេចពីសារៈសំខាន់ នៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលពិសេសថ្នាក់មន្ទីរសុខាភិបាល ថ្នាក់ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព ក៏ដូចជាអ្នកទទួលបន្ទុកកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង  ដែលប្រភេទជំងឺមិនឆ្លងនេះកំពុងតែស្ថិតនៅក្នុងស្ថានភាពបង្កជាបញ្ហាសុខភាពសាធារណៈជាសកល។

ជាមួយគ្នានេះនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធនឹងជំងឺមិនឆ្លងនេះ  ជាពិសេសជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីក។

ឯកឧត្តមវេជ្ជបណ្ឌិត បានណែនាំទៅដល់អង្គសិក្ខាសាលាទាំងមូល ឱ្យចូលរួមផ្ដល់ជាធាតុចូលសម្រាបផែនការជាតិប្រយុទ្ធនឹងជំងឺមិនឆ្លង ២០២៥-២០៣០ ដែលជាចក្ខុវិស័យក្នុងការចង្អុលបង្ហាញផ្លូវ ដើម្បីអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព និងទទួលបានសមិទ្ធផលខ្ពស់។

អង្គសិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល និងមានការឧបត្ថម្ភគាំទ្រពីអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានពាក់ព័ន្ធ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ឃ្លាំងឱសថកណ្ដាល មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន១០០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6