ប្រទេសចិន៖ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងសុខាភិបាល ធ្វើទស្សនកិច្ចសិក្សា “China-Cambodia Traditional Medicine Academic Symposium and International Cooperation Exchange Program” នៅទីក្រុងហុងកុង និងទីក្រុងប៉េងកាំង នៃសាធារណប្រជាមានិតចិន។ ទស្សនកិច្ចសិក្សានេះ គឺដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើននៃវិស័យវេជ្ជសាស្រ្តបុរាណចិន និងពិភាក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំ២ លើផ្នែកវេជ្ជសាស្រ្តបុរាណ។
ក្នុងដំណើរទស្សនកិច្ចនៃថ្ងៃទី១ នៅទីក្រុងហុងកុង គណៈប្រតិភូសុខាភិបាល បានចុះសិក្សាស្វែងយល់ និងជួបពិភាក្សាជាមួយភាគីមិត្តចិន រួមមានក្រុមហ៊ុន Beijing Tong Ren Tang Chinese Medicine Co., LTD និងមជ្ឈមណ្ឌលសួនវិទ្យាសាស្ត្រហុងកុង ដោយទទួលបានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍផ្នែកវេជ្ជសាស្ត្របុរាណប្រកបដោយនវានុវត្ត និងបច្ចេកវិទ្យា។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទីក្រុងហុងកុង គណៈប្រតិភូសុខាភិបាល បានបន្តដំណើរទៅទីក្រុងប៉េងកាំង ដើម្បីចូលរួមវេទិកាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិសម្រាប់សេវាកម្មចិនឆ្នាំ២០២៥៖ សមិទ្ធិផលនវានុវត្តសេវាកម្មសុខាភិបាល (2025 China International Fair for Trade in Services (CIFTIS) Health Services Innovation Achievements Release) ក្រោមប្រធានបទ “Smart Leadership for Future Healthy Life” ។
ក្នុងនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានប្រតិភូ បានអញ្ជើញធ្វើបទអន្តរាគមន៍ ស្តីពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ជាពិសេសផ្នែកវេជ្ជសាស្រ្តបុរាណ ដែលជាផ្នែកមួយឈានទៅសម្រេចការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានគាំទ្រវេជ្ជសាស្រ្តបុរាណនៅកម្ពុជា រួមមានការបង្កើតមណ្ឌលវេជ្ជសាស្រ្តបុរាណចិននៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុម: ការពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅមជ្ឈមណ្ឌល
វេជ្ជសាស្រ្តបុរាណ និងការជួយផ្នែកបច្ចេកទេស។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើសុំភាគីមិត្តចិនបន្ត និងពង្រីកការគាំទ្របច្ចេកទេស ការចែករំលែកព័ត៌មាន បច្ចេកវិទ្យា ការស្រាវជ្រាវពាក់ព័ន្ធនឹងឱសថបុរាណ កាបណ្តុះបណ្តាលមន្រ្តីសុខាភិបាលរយ:ពេលខ្លី និងរយ:ពេលវែង។
គណៈប្រតិភូ ក៏បានអញ្ជើញទស្សនកិច្ចទៅតាមទីតាំងមួយចំនួនក្នុងទីក្រុងប៉េងកាំង រួមមាន៖ ក្រុមហ៊ុនលក់ផលិតផល Tong Ren Tang Daxing Sesame Health Flagship រោងចក្រផលិតផលិតផលឱសថ Tong Ren Tang និងឱសថស្ថានលក់ឱសថបុរាណ Tong Ren Tang ទី១ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៦៦៩។
ក្នុងឱកាសទស្សនកិច្ចនោះដែរ គណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Meng Dongping លេខាបក្ស និងជាអនុប្រធានសភាពាណិជ្ជកម្មចិនទទួលបន្ទុកអាហរ័ណ នីហរ័ណឱសថ និងផលិតផលសុខាភិបាល។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញបង្កើនកិច្ចសហប្រតិបត្តិការ វិនិយោគលើផ្នែកឱសថ សម្ភារ:បរិក្ខាវេជ្ជសាស្រ្ត ព្រមទាំងផលិតផលសុខាភិបាល ដើម្បីចូលរួមចំណែកសម្រេចបានយុទ្ធសាស្រ្តសុខាភិបាលជាអាទិភាព និងឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសាកល នាឆ្នាំ២០៣៥។
ក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមពីប្រតិភូអមដំណើររួមមាន ឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ នៃក្រសួងសុខាភិបាល។