ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៥
ខេត្តកំពង់ឆាំ្នង៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាព នៅតាមមណ្ឌលសុខភាពចំនួន៧ ក្នុងខេត្តកំពង់ឆ្នាំង។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការបម្រើសេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។
បេសកកម្មនេះ ក្រុមការងារបានជួបប្រជុំជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង និងស្រុកប្រតិបត្តិបរិបូណ៌ ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ ៨ចំណុច៖
១) ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២) ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣) ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤) លទ្ធភាពគ្រប់គ្រងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ
៥) ការប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧) ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៨) ការធ្វើបដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំអ្នកជំងឺ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយការយកចិត្តទកដាក់ខ្ពស់។
គួរបញ្ជាក់ផងដែរថា ក្រុមការងារអមដំណើររួមមាន លោកវេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងលោក ស្រ៊ន សៀវប៉ាវ មន្រ្តីជំនួយការ មណ្ឌលសុខភាព ដោយចុះត្រួតពិនិត្យនៅតាមមណ្ឌលសុខភាពប្រឡាយមាស ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង និងមណ្ឌលសុខភាពពេជចង្វារ ត្រពាំងចាន់ ពន្លៃ ឆ្នុកទ្រូ ពង្រ ស្វាយជ្រុំ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរិបូណ៌ នៃខេត្តកំពង់ឆ្នាំង។