Cambodia
ព័ត៌មានលំអិត

Image
ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្តលើកទី១៦ របស់គណៈគ្រូពេទ្យខេត្តកំពង់ធំ
ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៥

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានអញ្ជើញចូលរួម ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្រ្តបន្តលើកទី១៦ របស់គណៈគ្រូពេទ្យខេត្តកំពង់ធំ។ 

ក្នុងពិធីនេះឯកឧត្តមសាស្រ្តាចារ្យប្រធាន បានណែនាំឱ្យគណៈគ្រូពេទ្យរាជធានីខេត្ត ដាក់បញ្ចូលប្រធានបទទាក់ទងនឹងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត និងគោលការណ៍ក្រមសីធម៌គ្រូពេទ្យ បន្ថែមទៅលើប្រធានបទបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈដើម្បីបញ្រ្ជាបការយល់ដឹងពីលក្ខខ័ណ្ឌតម្រូវ គុណវុឌ្ឍិ សមត្ថភាព និងសម្បទា រួមទាំងដែនកំណត់នៃការប្រកបវិជ្ជាជីវៈដល់គ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស។

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានបង្ហាញពីបេសកម្មរបស់គណៈគ្រូពេទ្យក្នុងការចូលរួម ជាមួយក្រសួងសុខាភិបាលធ្វើការកែទម្រង់វិស័យសុខាភិបាល សំដៅធ្វើអោយគុណភាពសេវាទាំងរដ្ឋនិងឯកជនមានភាពប្រសើរឡើង។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យប្រធាន និងឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ បានធ្វើបទបង្ហាញពីនិយាម ដែនកំណត់វិជ្ជាជីវៈវេជ្ជសាស្ត្រ ក្រមសីលធម៌គ្រូពេទ្យ និងច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

ជាទីបញ្ចប់ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា សង្កត់ធ្ងន់ថា វិជ្ជាជីវៈវេជ្ជសាស្រ្ត គឺជាវិជ្ជាជីវៈដែលត្រូវដាក់ ផលប្រយោជន៍អ្នកជំងឺលើសផលប្រយោជន៍របស់គ្រូពេទ្យ ហើយបានជំរុញអោយគ្រូពេទ្យកម្ពុជាទាំងអស់រួបរួមគ្នាពង្រឹងក្រមសីលធម៌និងភាពជាអ្នកមានវិជ្ជាជីវៈ ដើម្បីបម្រើប្រជាជននិងទាក់ទាញអោយបាននូវទំនុកចិត្តរបស់ប្រជាជន ហើយចុងក្រោយបំផុត គឺដើម្បីលើកតំកើងកិត្តិយសគ្រូពេទ្យកម្ពុជា។

កម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំនៃគណៈគ្រូពេទ្យជាតិ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ធំ និងវាគ្មិនជាន់ខ្ពស់ជាច្រើនរូប រួមទាំងសមាជិកសមាជិកាចូលរួមដោយផ្ទាល់ជាង ២០០ នាក់ និងតាមប្រព័ន្ធនិម្មិតប្រមាណ ៩០០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12