ខេត្តកំពង់ស្ពឺ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមើលវឌ្ឍនភាព និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពមួយចំនួន ក្នុងខេត្តកំពង់ស្ពឺ។
ការចុះបេសកកម្មនេះ ដើម្បីជួយជំរុញការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងក្នុងសហគមន៍ ស្របតាមសេចក្តីណែនាំស្តីពីសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព (MPA Guidelines) ពិសេសការថែទាំសុខភាពបឋម ស្របតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល (PHC-BIF)។
ឆ្លៀតឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិតអនុរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរដល់មន្ត្រី បុគ្គលិកមណ្ឌលសុខភាពទាំងអស់ ដែលយកចិត្តទុកដាក់ និងខិតខំបម្រើសេវាថែទាំសុខភាព ជូនប្រជាជននៅក្នុងតំបន់។
គួរកត់សំគាល់ថា បន្ទាប់ពីបញ្ចប់ការពិនិត្យមើលការងារ និងកិច្ចសន្ទនាជាមួយមន្ត្រីតំណាងមណ្ឌលសុខភាពនីមួយៗ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់ពត៌មាន និងអនុសាសន៍ត្រឡប់ ជូនដល់មន្រ្តី បុគ្គលិកមណ្ឌលសុខភាពទាំង ១០ ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាថែទាំសុខភាព នៃជំងឺទូទៅ សេវាសុខភាពមាតា និងទារក សេវាជំងឺមិនឆ្លង និងជំងឺឆ្លង ការរក្សាអនាម័យល្អ ព្រមទាំងការយកចិត្តទុកដាក់លើគុណភាពសេវា និងធានាអោយបាននូវការយាមប្រចាំការ ២៤ ម៉ោង/២៤ ម៉ោង ។
សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំង ១០ រួមមាន មណ្ឌលសុខភាពត្រាចទង មណ្ឌលសុខភាពក្សេមមក្សាន្តត្រាចទង មណ្ឌលសុខភាពដុំក្រវ៉ាន់ មណ្ឌលសុខភាពកាហែងតាអរ មណ្ឌលសុខភាពភក្តី មណ្ឌលសុខភាពកាត់ភ្លុក មណ្ឌលសុខភាពក្រសាំងចេក មណ្ឌលសុខភាពដំណាក់ចាន មណ្ឌលសុខភាពផុង និងមណ្ឌលសុខភាពពោធិចំរើន។