រាជធានីភ្នំពេញ៖ រសៀល ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនត: រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមវេជ្ជបណ្ឌិត រដ្ឋលេខាធិការ បានលើកយក គោលនយោបាយជាតិវេជ្ជសាស្ត្របុរាណ និងផែនការយុទ្ធសាស្ត្រវេជ្ជសាស្ត្របុរាណ មកឆ្លុះបញ្ចាំងពីការអភិវឌ្ឈន៍នានា ក៏ដូចជាបញ្ហាប្រឈមមួយចំនួននៃមជ្ឈមណ្ឌលជាតិ ជូនប្រតិភូ និងអង្គប្រជុំ។
ជាការពិភាក្សា ឯកឧត្តម LEUNG Chun Ying បានលើកឡើងពីចំណុចមួយចំនួនជូនអង្គប្រជុំ នូវគុណតម្លៃ នៃការប្រើប្រាស់ឱសថបុរាណចិន ក្នុងសកលលោក ដែលបានធ្វើឱ្យសុខភាពសាធារណៈមានការបហរសើឡើង និងបានរៀបរាប់ពី សាកលវិទ្យាល័យមួយចំនួន ដែលកំពុងបណ្តុះបណ្តាលវិស័យវេជ្ជសាស្ត្របុរាណនៅទីក្រុងមួយចំនួនក្នុងប្រទេសចិន។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រុមការងារនឹងពិចារណា លើការបង្កើតរោងចក្រផលិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។
ជំនួបពិភាក្សា មានអញ្ជើញចូលរួមពីលោកឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល វេជ្ជបណ្ឌិត ជួរ ម៉េង ប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិ ស្រាវជ្រាវវេជ្ជសាស្ត្របូរាណ សរុបចំនួន ២២រូប។