សិក្ខាសាលាប្រកាសលទ្ធផល នៃកម្មវិធីកម្រិតមូលដ្ឋានលើប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ (LQMS-1) ជំនាន់ទី៥ និងកម្រិតខ្ពស់លើប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ (LQMS-2) ជំនាន់ទី២
ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាប្រកាសលទ្ធផល នៃកម្មវិធីកម្រិតមូលដ្ឋានលើប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ (LQMS-1) ជំនាន់ទី៥ និងកម្រិតខ្ពស់លើគម្រោងកែលម្អគុណភាពនៃប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ (LQMS-2) ជំនាន់ទី២។
សិក្ខាសាលានេះ រៀបចំឡើងដោយវិទ្យាស្ថានជាតិសាធារណៈ ក្រោមគម្រោងថវិកាជាតិ និងសហការជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិចប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងពីវឌ្ឍនភាព នៃការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងគុណភាពរបស់មន្ទីរពិសោធន៍ដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ក៏ដូចជាប្រគល់ជូននូវវិញ្ញាបនបត្របញ្ចប់កម្មវិធីបណ្តុះបណ្តាល ជូនដល់មន្ទីរពិសោធន៍ដែលបានចូលរួមក្នុងកម្មវិធីទាំងពីរ។
លើសពីនេះ ក្នុងកម្មវិធីនេះក៏មានការដាក់តាំងបង្ហាញនូវផ្ទាំងផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍ និងគម្រោងកែលម្អគុណភាពរបស់មន្ទីរពិសោធន៍ ជូនដល់គណៈធីបតិ និងភ្ញៀវកិត្តិយស ដើម្បីទស្សនា និងសាកសួរផងដែរ។
ឯកឧត្តមវេជ្ជបណ្ឌិត បានផ្តល់អនុសាសន៍ ផ្តាំផ្ញើរ ដល់មន្រ្តីមន្ទីរពិសោធន៍ទាំងអស់ឱ្យការណែនាំពីកម្មវិធីបណ្តុះបណ្តាលនេះ ទៅអនុវត្តដោយខ្ជាប់ខ្ជួន ពោលគឺការធ្វើការងារជាក្រុម ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅប្រទេសកម្ពុជាយើង ព្រោះគ្មានប្រព័ន្ធគ្រប់គ្រងគុណភាពណាដែលអាចដំណើរការទៅដោយបុគ្គលតែម្នាក់ ឬក្រុមតែមួយឡើយ។ លើសពីនេះឯកឧត្តមវេជ្ជបណ្ឌិតក៏បានលើកទឹកចិត្តមន្ត្រីទាំងអស់អោយឆ្ងល់អោយបានច្រើន សួរឱ្យបានច្រើន និងមានភាពបុរេសកម្មក្នុងការអនុវត្តការងារដោយមិនរង់ចាំដល់បញ្ហាកើតឡើងទើបរកដំណោះស្រាយនោះទេ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សាស្រ្តាចារ្យ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ប្រធានមន្ទីរសុខាភិបាលរាជធានី/ខេត្ត ប្រធានមន្ទីរពេទ្យ ប្រធានមន្ទីរពិសោធន៍ នៃមន្ទីរពិសោធន៍ជ័យលាភីទាំងអស់ និងបុគ្គលិកនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ។