រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជួយពង្រឹងគុណភាពជំងឺមហារីក បានអញ្ជើញដឹកនាំកិច្ចប្រជុំចែករំលែកបទពិសោធន៍ រវាងក្រុមការងារ នៃក្រសួងសុខាភិបាល និងតំណាងក្រុមហ៊ុន ROCHE ស្តីពីការប្រើប្រាស់តេស្ត HPV ក្នុងកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន នៅកម្ពុជា។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីការចែករំលែកបទពិសោធន៍ ក្នុងការប្រើប្រាស់តេស្ត HPV ពីក្រុមហ៊ុន ROCHE ដែលជាក្រុមហ៊ុនអន្តរជាតិ និងមានបទពិសោធន៍យូរឆ្នាំ ក្នុងការផលិត និងផ្គត់ផ្គង់តេស្ត HPV សម្រាប់ការពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូន ព្រមទាំងពិនិត្យមើល លទ្ធភាពដែលក្រុមហ៊ុន ROCHE អាចផ្តល់ជំនួយ មកកាន់ក្រសួងសុខាភិបាល។
ក្រោយពីបញ្ចប់នៃកិច្ចប្រជុំ លទ្ធផលដែលទទួលបានគឺ ក្នុងអំឡុងពេលដែលក្រុមហ៊ុនកំពុងផ្គត់ផ្គង់ឧបករណ៍ សម្ភារសម្រាប់ធ្វើតេស្ត (Test kit and Reagent) ដល់ក្រសួងសុខាភិបាល ក្រុមហ៊ុននឹងផ្តល់ការគាំទ្រ ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដូចជា៖
- ការផ្តល់ជូន ម៉ាស៊ីន COBAS 6800 មួយគ្រឿង សម្រាប់ប្រើប្រាស់នៅមន្ទីរពេទ្យខេត្តកំពង់ចាម
- ការគាំទ្រក្នុងការបណ្តុះបណ្តាល ដល់មន្ត្រីសុខាភិបាល លើផ្នែកបច្ចេកទេស និងផ្នែកមន្ទីរពិសោធន៍ ដើម្បីធានាបាននូវការគ្រប់គ្រងគុណភាព (Quality Control) នៅពេលប្រើប្រាស់តេស្ត HPV
- ការជួសជុល និងថែទាំម៉ាស៊ីន ដោយឥតគិតថ្លៃ (Repair and Maintenance)
- ការផ្តល់ជូន Test kit សម្រាប់បែងចែកដល់ថ្នាក់ខេត្ត ដើម្បីប្រើជាគម្រូ (Sample) ក្នុងការបណ្តុះបណ្តាល ទៅតាមចំនួនសមរម្យ ដែលក្រសួងសុខាភិបាលស្នើសុំ ដោយឥតគិតថ្លៃ
- ការពិចារណាផ្តល់ជូននូវដំណើរទស្សនកិច្ចសិក្សា នៅប្រទេសដែលមានលំហូរប្រើប្រាស់តេស្ត HPV ស្រដៀងនឹងប្រទេសកម្ពុជា ដើម្បាស្វែងយល់ និងដកស្រង់បទពិសោធន៍បន្ថែម
- ការចែករំលែកបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (EMR) ក្នុងការគ្រប់គ្រងទិន្នន័យ
- អត្ថប្រយោជន៍ផ្សេងទៀត ដែលក្រុមហ៊ុននឹងធ្វើការចងក្រងជាឯកសារ និងផ្ញើមកកាន់មន្ត្រីពាក់ព័ន្ធ នៃក្រសួងសុខាភិបាល ដើម្បីពិនិត្យ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល តំណាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម តំណាងនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល តំណាងធនាគារពិភពលោក តំណាងអង្គការដៃគូអភិវឌ្ឍន៍ និងតំណាងក្រុមហ៊ុន ROCHE ។