ខេត្តកំពត៖ ថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក សម្រាប់ជំងឺមិនឆ្លង (NCD EMR) ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១. ណែនាំអំពីការប្រើប្រាស់ និងស្វែងយល់កាន់តែច្បាស់អំពីប្រព័ន្ធ និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ប្រព័ន្ធ EMR ជូនដល់មន្ត្រីបង្គោលនៅតាម មន្ទីរសុខាភិបាលរាជធានី ខេត្ត និងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ
២. ណែនាំអំពី ការបញ្ចូល ការកែប្រែ ការស្វែងរកទិន្នន័យ អ្នកជំងឺឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព
៣. ណែនាំអំពីការទាញយករបាយការណ៍ និងការធ្វើផែនការដោយផ្អែកលើទិន្នន័យ
៤. យល់ដឹងពីលក្ខខណ្ឌ នៃការទទួលបាននូវថវិកាស្នាដៃការងារ រួមជាមួយការភ្ជាប់ជាមួយប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយថ្មី របស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីសាស្ត្រាចារ្យជំនួយ បានណែនាំឱ្យសិក្ខាកាមទាំងអស់ព្យាយាមស្វែងយល់ ដើម្បីអាចផ្តល់ការបណ្តុះបណ្តាលបន្ដដល់មន្ត្រី និងបុគ្គលិកសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រោះប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក សម្រាប់ជំងឺមិនឆ្លងនេះ មានសារៈប្រយោជន៍ចម្បងក្នុងការរក្សាទុកទិន្នន័យអ្នកជំងឺបានត្រឹមត្រូវ ដែលអាចយកមកវិភាគ ដើម្បីរៀបចំផែនការ យុទ្ធសាស្រ្ត និងការសម្រេចចិត្តក្នុងគោលនយោបាយ។ លើសពីនេះទៅទៀត ប្រព័ន្ធនឹងអាចតភ្ជាប់ជាមួយប្រព័ន្ធឌីជីថល របស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (NPCA) ដែលមានភាពងាយស្រួលក្នុងការបញ្ជាក់ចំណាយ នៃការផ្តល់សេវាសុខាភិបាល ។
ជាចុងក្រោយ លោកស្រីសាស្ត្រាចារ្យជំនួយ បានថ្លែងអំណរគុណដល់ គម្រោង HEQIP 2 និងក្រុមការងារ នៃនាយកដ្ឋានសុខាភិបាលឌីជីថល និងនាយកដ្ឋានការពារសុខភាព ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាមន្រ្តីបង្គោលទទួលបន្ទុកការងារជំងឺមិនឆ្លង នៃមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មកពីខេត្តចំនួន១២ សរុបចំនួន ៨៤រូប។