រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងសម្រេចលើរបាយការណ៍វឌ្ឍនភាព របស់ក្រសួង ស្ថាប័នឆ្លើយតបសេចក្ដីសង្កេតសន្និដ្ឋាន ៥៧ ចំណុច លើរបាយការណ៍លើកទី៦ របស់កម្ពុជាស្ដីពីការអនុវត្តអនុសញ្ញា CEDAW របស់គណៈកម្មាធិការ CEDAW នៃអង្គការសហប្រជាជាតិ ដែលរបាយការណ៍នេះត្រៀមសម្រាប់ជាធាតុចូល សម្រាប់របាយការណ៍តាមកាលកំណត់ (LOIPR) របស់កម្ពុជា ទៅគណៈកម្មាធិការ CEDAW នៃអង្គការសហប្រជាជាតិ នាពេលខាងមុខ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន លោកជំទាវ ឯកឧត្តម ជាសមាជិក មន្រ្តីអគ្គលេខាធិការដ្ឋាន និងមន្រ្តីបច្ចេកទេសនៃក្រសួងពាក់ព័ន្ធ សរុបចំនួន ៨៩រូប (ស្រ្តី៧៤រូប)។