ខេត្តកំពត៖ ថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពីការអនុវត្តថវិកាមូលនិធិគាំទ្រការផ្ដល់សេវា ជូនមន្ត្រីទទួលបន្ទុកមន្ទីរសុខាភិបាល មន្ទីរពេទ្យខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ នៃរដ្ឋបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៤ថ្ងៃ ដោយផ្តោតសំខាន់លើគោលបំណងដូចខាងក្រោម៖
១) រំលឹក និងស្វែងយល់បន្ថែម អំពីការប្រើប្រាស់ទម្រង់ពាក់ព័ន្ធទាំងអស់ នៃការអនុវត្តថវិកា SDG ឱ្យបានត្រឹមត្រូវ
២) ចំណុចគន្លឹះ នៃគោលការណ៍ណៃនាំ ការគ្រប់គ្រង និងការអនុវត្តថវិកា SDG
៣) វិធីសាស្រ្តចុះបង្វឹកផ្ទាល់ និងពង្រឹងសមត្ថភាពដល់មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព
៤) ការតាមដាន ការចុះបង្វឹករបស់ក្រុមការងារនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ ចំពោះសកម្មភាពបង្វឹក របស់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្ដិ
៥) ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធ Google Form សម្រាប់បញ្ចូនរបាយការណ៍ប្រចាំខែពីមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ និងអញ្ជើញចូលរួមពី លោក ហ៊ុយ ឆេងតារាភ័ក្រ្ត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ព្រមទាំងលោក លោកស្រី ជាគ្រូបង្គោល នៃមន្ទីរសុខាភិបាល មន្ទីរពេទ្យ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ កំពង់ចាម និងព្រៃវែង សរុបចំនួន ៦៨រូប។