រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាព នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤:២៥នាទី ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា កូនៗ ចៅៗ និងជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា និងនាយទាហានឆ្នើមមួយរូប ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិកាដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ សូមឆាប់បានចាប់បដិសន្ធិនៅទីឋានបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។