រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សុខភាពមាតានិងទារក”។
នៅក្នុងកិច្ចប្រជុំ បានពិនិត្យ និងពិភាក្សាលើប្រធានបទ នៃបទបង្ហាញពាក់ព័ន្ធនឹងលទ្ធផល នៃការផ្តល់ថ្នាំបង្ការបន្ថែម ការពារជំងឺកញ្ជ្រឹល ស្អូច ការគ្រប់គ្រងសេវាសុខភាពមាតានិងទារក តាមរយៈការពិភាក្សាលើ “ផែនទីបង្ហាញផ្លូវគំនិតផ្តួចផ្តើមរហ័សសម្រាប់ការកាត់បន្ថយមរណភាពមាតា និងទារក (FTRM) 2025 -2030”។
គួរបញ្ជាក់ផងដែរថា អង្គប្រជុំបានចាប់ផ្តើមដោយការទស្សនា និងផ្តល់យោបល់លើបទយកការណ៍ខ្លី ស្តីពីទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ សម្រាប់ឆ្នាំនេះ ប្រទេសកម្ពុជា បានប្រារព្ធធ្វើឡើងជាលើកដំបូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះមានការចូលរួមផ្ទាល់ ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃក្រុមការងារបច្ចេកទេសសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល ព្រមទាំងមានការចូលរួមពីក្រុមការងារ បច្ចេកទេសសុខាភិបាលខេត្តកំពង់ធំ និងខេត្តកណ្តាល ផងដែរ។