Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាផ្សព្វផ្សាយ «ផែនការជាតិ NDC 3.0» ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាមួយសហគមន៍អន្តរជាតិ
ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទៅចូលរួមសិក្ខាសាលាផ្សព្វផ្សាយឯកសារ «ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី ៣(NDC៣.០)» ក្រោមអធិតីភាពឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងជាការបញ្ជាក់អំពី ការបេ្តជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា លើឆាកអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តជាតិ ដែលមានស្រាប់ និងដំណើរវិវត្តឥតឈប់ឈរ នៃការប្រែប្រួលអាកាសធាតុសកល ដើម្បីឈានឆ្ពោះទៅ សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC។

ការអនុវត្ត NDC 3.0 ជោគជ័យទៅបាន ទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យ មិនត្រឹមតែវិស័យសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិរបស់យើងផងដែរ។

ជាមួយគ្នានេះ តំណាងដៃគូអភិវឌ្ឍន៍ បានកោតសរសើរ និងសាទរដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ រួមជាមួយ ក្រសួង ស្ថាប័នជាតិ អង្គការជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល លើកិច្ចខិតខំប្រឹងប្រែងដោះស្រាយ ការប្រែប្រួលអាកាសធាតុ ជាពិសេសការដាក់ចេញនូវ NDC 3.0 នេះ។ 

ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សង្គមស៊ីវិល ផ្នែកឯកជន គ្រឹះស្ថានសិក្សា ស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត តំណាងសហគមន៍ និងដែគូអភិវឌ្ឍន៍នៅកម្ពុជា។

Image 1
Image 2
Image 3
Image 4