ពិធីបើកវគ្គបណ្តុះបណ្តាលកិច្ចលទ្ធកម្មស្តីពីការអនុវត្តវិធីសាស្រ្តស្ទង់តម្លៃ (Request for Quotations-RFQ) ជូនមន្ទីរសុខាភិបាលរាជធានីខេត្ត ក្រោមក្របខ័ណ្ឌគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២
ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រោមការចង្អុលបង្ហាញពី លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាជំនួយការនាយកគម្រោង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកិច្ចលទ្ធកម្ម ស្តីពីការអនុវត្តវិធីសាស្រ្តស្ទង់តម្លៃ (Request for Quotations-RFQ) ជូនមន្ទីរសុខាភិបាលរាជធានីខេត្ត ក្រោមក្របខ័ណ្ឌគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ នៅសណ្ឋាគារ Sea Breeze Hotel and Villa ខេត្តព្រះសីហនុ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
១. គោលការណ៍ណែនាំទូទៅក្នុង ការអនុវត្តកិច្ចលទ្ធកម្មរបស់មន្ទីរសុខាភិបាលរាជធានីខេត្ត របស់គម្រោង H-EQIP-2
២. ការរៀបចំផែនការលទ្ធកម្ម
៣. ដំណើរការអនុវត្តកិច្ចលទ្ធកម្មនៃ “វិធីសាស្រ្តស្ទង់តម្លៃ(Request for Quotations-RFQ)”
៤. ការគ្រប់គ្រងកិច្ចសន្យា
៥. ការរៀបចំទុកដាក់ឯកសារលទ្ធកម្មសម្រាប់សវនកម្ម និងប្រព័ន្ធតាមដានកិច្ចលទ្ធកម្ម(STEP)
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន ០២ថ្ងៃ ដែលរៀបចំឡើងចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត លោកស្រីប្រធានអង្គភាពលទ្ធកម្មក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្រ្តីនាយកដ្ឋានដែលពាក់ព័ន្ធក្រោមឱវាទក្រសួងសុខាភិបាល និងមន្ត្រីទទួលបន្ទុកការងារលទ្ធកម្មនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត សរុបចំនួន ៩៦នាក់។