Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ
ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យ និងដើម្បីបណ្ដុះបណ្ដាលបន្តអំពីវិធីសង្គ្រោះបឋម និងប្រព័ន្ធបញ្ជូន ទៅដល់មន្រ្តី និងបុគ្គលិកសុខាភុបលនៅតាមមូលដ្ឋានរបស់ខ្លួន។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានរំលឹកអំពីសារៈសំខាន់ នៃផ្នែករថយន្តគិលានសង្គ្រោះ ជូនដល់សិក្ខាកាមទាំងអស់ ដើម្បីស្វែងយល់ពីតួនាទី និងភារកិច្ច ដោយផ្នែករថយន្តគិលានសង្គ្រោះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ជាមួយផ្នែកសង្គ្រោះបឋម និងផ្នែកសង្គ្រោះបន្ទាន់ ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ។

វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលចំនួន៥ថ្ងៃ ដោយធ្វើបទបង្ហាញទ្រឹស្ដីចំនួន៣ថ្ងៃ និងការចុះអនុវត្តនៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តចំនួន២ថ្ងៃ ដែលមានការចូលរួមពី នាយកដ្ឋានមន្ទីរពេទ្យ ក្រុមគ្រូបង្គោលថ្នាក់ជាតិ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យតេជោសន្តិភាព និងសិក្ខាកាមមកពីមន្ទីរពេទ្យបង្អែក នៃខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប សរុបចំនួ ៤០រូប ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8