រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និបាតជាតិព្យាបាលដោយចលនាលើកទី២៣ របស់សមាគមព្យាបាលដោយចលនាកម្ពុជា ក្រោមប្រធានបទ «សុខភាពមនុស្សចាស់ និងការព្យាបាលដោយចលនាដើម្បីស្តារលទ្ធភាពពលកម្ម»។
សន្និបាតរបស់សមាគមព្យាបាលដោយចលនាកម្ពុជានេះ មានគោលបំណងលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សជំនាញព្យាបាលដោយចលនាឱ្យមានចំនួនកើនឡើង និងពង្រឹង ពង្រីកគុណភាពនៃសេវា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន។ ការព្យាបាលដោយចលនា ជាវិជ្ជាជីវៈមួយមានសារៈសំខាន់ ក្នុងចំណោមសេវាជំនួយវេជ្ជសាស្ត្រ វិជ្ជាជីវៈមួយនេះបានរួមចំណែកក្នុងការព្យាបាលឱ្យបានធូរស្បើយ ជាសះស្បើយ ស្ដារសុខភាព និងស្ដារលទ្ធភាពពលកម្មដល់អ្នកជំងឺ និងជនមានពិការភាព។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានបញ្ជាក់ថា ជំនាញព្យាបាលដោយចលនា ជាជំនាញចាំបាច់មួយក្នុងការផ្តល់សេវាជូនអ្នកជំងឺ ដោយគិតចាប់តាំងពីចូលសម្រាកក្នុងមន្ទីរពេទ្យរហូតដល់អ្នកជំងឺចេញពីមន្ទីរពេទ្យ និងទទួលការព្យាបាលបន្តនៅក្នុងសហគម។ជំនាញព្យាបាលដោយចលនានេះ ក៏ចូលរួមចំណែកក្នុងការបង្ការជំងឺមួយចំនួន និងពិការភាពផងដែរ។
សន្និបាតជាតិព្យាបាលដោយចលនាលើកទី២៣ របស់សមាគមព្យាបាលដោយចលនាកម្ពុជានេះ ក៏មានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល ប្រធានសមាគមព្យាបាលដោយចលនាពិភពលោក អ្នកជំនាញព្យាបាលដោយចលនាពីប្រទេសសិង្ហបុរី ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាសមាគមព្យាបាលដោយចលនាកម្ពុជា មកពីមន្ទីរពេទ្យជាតិនិងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ដៃគូអភិវឌ្ឍនានារួមមានអង្គការសុខភាពពិភពលោក អង្គការ ACCSESS នៃស្ថានទូតអូស្រ្តាលី អង្គការកាកបាទក្រហមអន្តរជាតិ អង្គការ CHAI សរុបចំនួ ១២០រូប។