រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក និងបិទ «កិច្ចប្រជុំក្រុមប្រឹក្សាគណៈវិជ្ចាជីវៈឆ្មបកម្ពុជា អណត្តិទី៣» នៅសណ្ឋាគារ Wyndham Grand Phnom Penh Capital។
កិច្ចប្រជុំក្រុមប្រឹក្សាគណៈវិជ្ចាជីវៈឆ្មបកម្ពុជា អាណត្តិទី៣ នេះ រៀបចំឡើងក្នុងគោលបំណង៖
- ពិនិត្យមើលវឌ្ឍនភាព សកម្មភាពការងារ និងផែនការសកម្មភាពបន្តរបស់គណៈវិជ្ចាជីវៈឆ្មបកម្ពុជា
- ពង្រឹងការចុះបញ្ជិកា និងបន្តអាជ្ញាបណ្ណលើអ្នកវិជ្ជាជីវៈ
- ពង្រឹងការបណ្តុះបណ្តាល ដោយអនុលោមតាមគោលការណ៍ CPD
- ពង្រឹងការចុះផ្សព្វផ្សាយក្រមសីលធម៌ ដែនកំណត់ និយាម និង CPD ថ្មី
- បង្ហាញពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាគណៈឆ្មបថ្នាក់កណ្តាល រាជធានី-ខេត្តទាំង២៥។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ឆ្មបគឺជាកម្លាំងចលករមួយយ៉ាងសំខាន់ នៅក្នុងវិស័យសុខាភិបាល ក្នុងការចូលរួមចំណែកផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធិភាព និងលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋ។ ដូចនេះ ឆ្មបគ្រប់រូបត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយអាទិភាពសុខភាព ព្រមទាំងឆ្លើយតបទៅនឹងគ្រោះអាសន្ននានាឱ្យបានទាន់ពេល។ ទន្ទឹមនឹងនេះ ការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងអាហារូបត្ថម្ភ ការជម្រុញការប្រើប្រាស់សេវាសុខាភិបាលឌីជីថល និងការជម្រុញការចូលរួមរបស់បុគ្គលគ្រួសារ និងសហគមន៍ ក្នុងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ គឺជាជំហ៊ានសំខាន់មួយ ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
លោកជំទាវវេជ្ជបណ្ឌិត ក៏បានបន្តទៀតថា ក្នុងរយៈពេល ២ទសវត្សកន្លងមក នេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការកាត់បន្ថយអត្រាស្លាប់របស់ទារក និងកុមារ ដោយបច្ចុប្បន្នអត្រាស្លាប់របស់ទារកនៅសល់ត្រឹមតែ ៨ ក្នុង ១០០០ កំណើតរស់ និងកុមារអាយុក្រោម១ឆ្នាំ នៅសល់ត្រឹមតែ ១២ ក្នុង ១០០០ កំណើតរស់ប៉ុណ្ណោះ។ នេះមានន័យថា កម្ពុជាសម្រេចបានរួចហើយនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០។
មុននឹងបញ្ចប់ លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនក្នុងការអភិវឌ្ឍវិជ្ជាជីវៈឆ្មបឱ្យកាន់តែរីកចម្រើនថែមទៀត៖
១- សូមឱ្យក្រុមប្រឹក្សាគណៈវិជ្ចាជីវៈឆ្មបថា្នក់ជាតិ និងថ្នាក់រាជធានី ខេត្ត ធ្វើការរួមគ្នា រៀបចំផែនការសកម្មភាពជាមួយគ្នា ដើម្បីពង្រឹងការអនុវត្តបទដ្ឋានគតិយុត្ត ការបណ្តុះបណ្តាលដោយអនុលោមតាមគោលការណ៍ CPD
២- សូមគណៈឆ្មបពង្រឹងប្រព័ន្ធកត់ត្រា និងបញ្ជូនរបាយការណ៍ប្រចាំខែ អំពីវឌ្ឍនភាពមកនាយកដ្ឋានមន្ទីរពេទ្យ និងថ្នាក់ដឹកនាំទទួលបន្ទុក
៣- បង្កើនសមត្ថភាព និងអនុវត្តនូវនិយាមនៃការអនុវត្តការងារឆ្មប
៤- ពង្រឹងការចុះបញ្ជិកា និងបន្តអាជ្ញាបណ្ណឱ្យបាន១០០%
៥- ត្រូវពង្រឹងយន្តការពិនិត្យតាមដាន លើការប្រតិបត្តិការងាររបស់សមាជិកឆ្មប នៅគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវក្រមសីលធម៌វិជ្ជាជីវៈ សុច្ចរិកភាព និងភាពថ្លៃថ្នូរក្នុងនាមជាអ្នកផ្តល់សេវា។
ជាចុងក្រោយ លោកជំទាវវេជ្ជបណ្ឌិត បានសំណូមពរដល់សមាជិក ទាំងអស់ ចូលរួមពិនិត្យ ផ្តល់មតិយោប់ ដល់ការពិនិត្យឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តការងាររបស់គណៈវិជ្ចាជីវៈឆ្មបកន្លងមក នូវចំនុចល្អ និងចំនុចដែលនៅខ្វះចន្លោះ ដើម្បីជាទុនក្នុងការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីក្រុមប្រឹក្សាគណៈវិជ្ចាជីវៈឆ្មបថ្នាក់ជាតិ ថ្នាក់កណ្តាល និងរាជធានី ខេត្តទាំង២៥ សរុបចំនួន ៧០រូប។